សាកបទពីសោធថ្មី! កូរ៉េខាងជើង ត្រៀមបើកប្រទេសទទួលភ្ញៀវទេសចរចូលកម្សាន្ត ចាប់ពីខែធ្នូចុងឆ្នាំនេះ
ប្រទេសកូរ៉េខាងជើង ត្រៀមបើកព្រំដែនឱ្យភ្ញៀវទេសចរបរទេសចូលកម្សាន្តក្រុង Samjiyon រួមទាំងតំបន់ផ្សេងៗទៀតក្នុងប្រទេសចាប់ពីខែធ្នូ ឆ្នាំ ២០២៤ ទៅ នេះបើតាមការបញ្ជាក់ពីខាងក្រុមហ៊ុនទេសចរណ៍ក្នុងស្រុក។
ក្រុមហ៊ុនទេសចរណ៍ក្នុងប្រទេសកូរ៉េខាងជើង បានឱ្យដឹងថាព្រំដែននៅភាគឦសានក្រុង Samjiyon រួមទាំងតំបន់ផ្សេងៗជាច្រើនទៀតក្នុងប្រទេស នឹងត្រូវបើកឡើងវិញជាលើកដំបូងក្នុងរយៈពេលជាង ៤ ឆ្នាំមកនេះ។ គួរឱ្យដឹងថា ប្រទេសកូរ៉េខាងជើងបានបិទមិនឱ្យមានភ្ញៀវទេសចរអន្តរជាតិចូលស្រុកតាំងពីឆ្នាំ ២០២០ មកដោយសារតែការរឹតបន្តឹងការពារជំងឺកូវីដ-១៩។ តាំងពីពេលនោះមក មានតែក្រុមទេសចរឯកជនរុស្ស៊ីមួយក្រុមតូចប៉ុណ្ណោះត្រូវបានអនុញ្ញាតឱ្យចូលប្រទេស ខណៈលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin មកចុះទស្សនកិច្ចកាលពីខែមិថុនាកន្លងទៅ។
បើតាមក្រុមហ៊ុនទេសចរណ៍មួយឈ្មោះ Koryo Tours បានលើកឡើងទាំងរំភើបថា៖ «ពួកយើងពិតជារីករាយខ្លាំងដែលប្រទេសកូរ៉េខាងជើងបានបើកព្រំដែនទទួលទេសចរចូលប្រទេសជាថ្មី»។ ពួកគេថែមទាំងបានបន្ថែមទៀតថា ផែនការធ្វើដំណើររួមទាំងកាលវិភាគនឹងត្រូវបញ្ជាក់ប្រាប់ក្នុងសប្ដាហ៍នេះផងដែរ៕
ប្រភព៖ Sky News