វ័យទើប ២៤ ឆ្នាំ យុវជនសង្ហាម្នាក់ ជំនាញថតរូប ពូកែធ្វើជំនួញ សំខាន់បង្កើតគម្រោងស្ទួយសិល្បៈវប្បធម៌ខ្មែរទៀត
ត្រូវបានគេស្គាល់ឈ្មោះថា ហាវ ឬ មានឈ្មោះពេញថា តាំង ហួងហាវ លោកជាយុវជនជំនាន់ថ្មី ដែលមានជំនាញថតរូបបែបច្នៃប្រតិដ្ឋ និង ជាសហគ្រិនមួយរូបផងដែរ។ ក្នុងវ័យទើបតែ ២៤ ឆ្នាំ យុវជនសង្ហារូបនេះ ជាស្ថាបនិក Local4Local និង ជាសហស្ថាបនិកនៃ គម្រោង «Apsara Grannies» និង គម្រោង « Cyclo King»។
មុនបោះជំហានមកដល់សព្វថ្ងៃ យុវជន តាំង ហួងហាវ បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ University of Minnesota Twin Cities និង សាកលវិទ្យាល័យ University of St Thomas នៅសហរដ្ឋអាមេរិក។ លោកបានចាប់ផ្តើមប្រើប្រាស់ជំនាញធ្វើជំនួញ និង ថតរូប ដើម្បីបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការបណ្តាក់ទុនជាសហគ្រិន និង សិល្បករ។ លោកបានបង្កើត Local4Local នៅអំឡុងកូវីដ ជាសហគ្រាសសង្គម( Social Enterprise) មានមូលដ្ឋាននៅភ្នំពេញ ដើម្បីគាំទ្រវិស័យផ្តល់សេវាស៊ីក្លូ ដែលជួបផលលំបាកនៅអំឡុងកូវីដ និង លើកកម្ពស់ប្រព័ន្ធដឹកជញ្ជូនបែបប្រពៃណីរបស់កម្ពុជាទាំងក្នុង និង ក្រៅប្រទេស។
តាមរយៈបេសកកម្មជាមួយ Local4Local វាក៏បានរុញច្រាន ស្ថាបនិកវ័យក្មេងរូបនេះ ឆ្ពោះទៅកាន់ឆាកអន្តរជាតិផងដែរ។ ជាក់ស្តែង លោកត្រូវបានទស្សនាវដ្តី Forbes ចាត់ចូលទៅក្នុង Forbes 30 Under 30 ដែលជ្រើសរើសបុគ្គលចំនួន ៣០ នាក់ អាយុក្រោម ៣០ ឆ្នាំ ដែលមានឥទ្ធិពលនៅក្នុងវិស័យជំនួញ និង មកពីឧស្សាហកម្មផ្សេងៗគ្នាជុំវិញពិភពលោក។
លើសពីនេះទៅទៀត លោកបានផ្តួចផ្តើមគំនិតបង្កើតរូបភាពដ៏លេចធ្លោ ដែលផ្សារភ្ជាប់ជាមួយសិល្បៈវប្បធម៌ខ្មែរផង រឿងរ៉ាវនៅពីក្រោយផង ក៏ដូចជាគាំទ្រវិស័យទេសចរណ៍សម្រាប់សហគមន៍អ្នកធាក់ស៊ីក្លូនៅកម្ពុជាផងដែរ។ ជាអាទិ គម្រោងរូបភាព «Cyclo King» បានធ្វើឡើងសម្រាប់អបអរ «ទិវាឪពុក» និង គម្រោង «Apsara Grannies» សម្រាប់អបអរ«ទិវាម្តាយ»។ តួអង្គនៅក្នុងរូបភាព បានស្លៀកពាក់យ៉ាងប្រណីតក្នុងឈុតបុរាណខ្មែរ ធ្វើឱ្យមហាជនលើបណ្តាញសង្គមផ្ទុះការចាប់អារម្មណ៍ខ្លាំងជាសកល។
យុវជន តាំង ហួងហាវ ក៏ត្រូវបានគេស្គាល់ផងដែរ ជាអ្នកនិទានរឿងបែបច្នៃប្រតិដ្ឋ(Creative Storyteller) និង មានមហិច្ឆតាជាអ្នកថតរូប។ តាមការប្រាប់ទៅសារព័ត៌មានអន្តរជាតិ Prestige លោកបានលើកឡើងថា៖ «ការថតរូបជាផ្នែកមួយនៃខ្ញុំ វាជាអ្វីដែលខ្ញុំឃើញខ្លួនឯង។ សម្រាប់ខ្ញុំការថតរូបគឺជាឧបករណ៍បណ្តាញ វាភ្ជាប់ខ្ញុំជាមួយសិល្បករផ្សេងទៀត និង អាចឱ្យខ្ញុំចែករំលែកការស្រលាញ់សម្រាប់ភាពច្នៃប្រតិដ្ឋ។ បើទោះខ្ញុំមិនអាចគូរគំនូរ តែខ្ញុំអាចថតរូបដែលមានគុណខ្ពស់»៕