លំហាត់ប្រាណ ៥ យ៉ាង សុវត្ថិភាពចំពោះស្រ្តីមានផ្ទៃពោះ និង ធ្វើឱ្យកូនក្នុងផ្ទៃរឹងមាំល្អ
អាចថាអំឡុងពពោះជាពេលដែលស្ត្រីត្រូវថ្នមខ្លួន ប៉ុន្តែមិនមែនមានន័យថាថ្នមរហូតមិនធ្វើអ្វីទាល់តែសោះនោះទេ។ ជាក់ស្តែង បើរាងកាយមិនធ្វើសកម្មភាព វានឹងធ្វើឱ្យកម្លាំងចុះខ្សោយ ងាយទ្រុឌទ្រោម រីឯសុខភាពកូនក្នុងផ្ទៃក៏មិនរឹងមាំល្អផងដែរ។ ក្នុងអំឡុងនេះ ការធ្វើលំហាត់ប្រាណជាផ្នែកមួយដ៏សំខាន់ វាអាចជួយឱ្យម្តាយ និង កូនក្នុងផ្ទៃមានភាពមាំមួន និង សុខភាពល្អ។ ការធ្វើលំហាត់ប្រាណនៅអំឡុងពពោះ គឺមិនតម្រូវប្រើកម្លាំងខ្លាំងៗដូចកាលខ្លួនមួយនោះទេ ពោលត្រូវធ្វើទៅតាមកម្លាំងស្រាលៗ ហើយជ្រើសរើសសកម្មភាពលំហាត់ប្រាណណាដែលសុវត្ថិភាពសម្រាប់ស្ត្រីពពោះ។ «ប្រជាប្រិយ» សូមណែនាំលំហាត់ប្រាណ ៥ យ៉ាង ដែលស្ត្រីពពោះអាចហាត់ងាយៗ ហើយជួយដល់សុខភាពទៀត។
១. លំហាត់ប្រាណ Pilates
លំហាត់ប្រាណ Pilates ជាការគេងលើផ្ទៃរាបស្មើ សន្ធឹង និងពន្លាតសាច់ដុំ ដើម្បីបង្កើនភាពរហ័សរហួស និងលំនឹងដងខ្លួន។ លំហាត់ប្រាណនេះជួយឱ្យរាងកាយមានតុល្យភាព បង្កើនថាមពល និងកាត់បន្ថយការឈឺឆ្អឹងខ្នង។ អំឡុងពេលហាត់ ជៀសវាងការប្រឹងក្បាលពោះ និងបត់ខ្លួនខ្លាំងៗ។ ស្ត្រីអាចអនុវត្តត្រឹមម្តងក្នុងមួយសប្តាហ៍។
២. យូហ្គា (Yoga)
យូហ្គា ជាលំហាត់ប្រាណល្អជាងគេក្នុងចំណោមលំហាត់ប្រាណផ្សេងៗសម្រាប់ស្ត្រីមានផ្ទៃពោះ។ យូហ្គាជួយឱ្យរាងកាយមានតុល្យភាព បង្កើនថាមពល ជួយដល់សាច់ដុំ កាត់បន្ថយសម្ពាធឈាម និងអាចឱ្យស្ត្រីចេះរបៀបប្រឹង និងដកដង្ហើម ដែលមានប្រយោជន៍នៅពេលសម្រាលកូន។ បើស្ត្រីអនុវត្តលំហាត់ប្រាណនេះជាប់មិនថាអំឡុងពពោះ ឬក្រោយពេលសម្រាលតទៅមុខ វានឹងជួយឱ្យឆ្អឹងរឹងមាំល្អ។ ស្ត្រីអាចធ្វើលំហាត់ប្រាណនេះបែបស្រាលៗ ត្រឹម ៣០ នាទីក្នុងមួយថ្ងៃ និងម្តងក្នុងមួយសប្តាហ៍។
៣. ដើរហាត់ប្រាណ
ការដើរជាលំហាត់ប្រាណងាយស្រួលបំផុត ដែលវាធ្វើឱ្យរាងកាយមានចលនា។ មិនចាំបាច់ហាត់នៅទីណាឆ្ងាយ ត្រឹមដើរជុំវិញផ្ទះ ឬក្នុងផ្ទះក៏ទទួលយកបាន។ ស្ត្រីអាចអនុវត្តត្រឹម ១០ នាទីក្នុងមួយថ្ងៃ និងពី ៣ ទៅ ៥ ដងក្នុងមួយសប្តាហ៍។
៤. ហែលទឹក
ការហែលទឹកអាចជាការកម្សាន្តផង និងកីឡាផង។ ពេលហែលទឹកចូរធ្វើចលនាស្រាលៗ ជៀសវាងប្រឹងក្បាលពោះខ្លាំង និងត្រូវដឹងពីកម្លាំងរបស់ខ្លួន។ បើហត់ត្រូវឈប់សម្រាក ដោយមិនត្រូវបង្ខំខ្លួនឡើយ។ ស្ត្រីអាចហាត់រយៈពេល ៣០ នាទី ក្នុងមួយថ្ងៃ និង ពី ៣ ទៅ ៥ ដងក្នុងមួយសប្តាហ៍។
៥. ជិះកង់
ការហាត់ប្រាណនេះ សំដៅដល់ការប្រើឧបករណ៍ធាក់កង់ធាក់នៅខាងក្នុង ដោយមិនតម្រូវឱ្យធាក់កង់នៅខាងក្រៅនោះទេ ដោយហេតុការជិះនៅខាងក្រៅអាចប្រឈមផ្លូវរលាក់ និងគ្រោះថ្នាក់ផ្សេងៗ។ ស្ត្រីអាចហាត់ ២ ទៅ ៣ ដងក្នុងមួយសប្តាហ៍ និងម្តង ៣០ នាទី៕