Margie ទម្លាយខ្ទេចមូលហេតុដែលយក Yaya និង Kimberly ធ្វើជាមិត្តសម្លាញ់
នៅក្នុងសង្គមសិល្បៈថៃ អ្នកណាក៏ដឹងថា តារាសម្ដែងស្រីជួរមុខ ៣ ដួង ដែលជាគ្រាប់ពេជ្រប្រចាំប៉ុស្ដិ៍លេខ ៣ ថៃគឺ យ៉ាយ៉ា, គីមប៊ីលី និង អ្នកម្ដាយសម័យថ្មី Margie Rasri គឺជាមិត្តសម្លាញ់នឹងគ្នា ។
អ្នកគាំទ្រ និង អ្នកស្ថិតក្នុងចង្កោមសិល្បៈភាគច្រើនបានដឹងត្រឹមតែថា តារាស្រីទាំង ៣ ដួងខាងលើគឺជាមិត្តល្អនឹងគ្នា ប៉ុន្ដែពួកគេពុំសូវបានដឹងពីឭសគល់ថា ហេតុអ្វីបានជាពួកគេទាំង ៣ ត្រូវរូវគ្នារហូតក្លាយជាមិត្តភក្ដិជិតស្និទ្ធខ្លាំងបែបនេះ ។ តាមរយៈវីដេអូមួយ តារាស្រី Margie បានទម្លាយថា ពួកគេស្គាល់គ្នាច្រើនឆ្នាំហើយ ពោលគឺចាប់តាំងពីពួកគេសម្ដែងរឿង «4 Huajai Haeng Khon Khao» ជាមួយគ្នាមកម្ល៉េះ ។
ខ្សែភាពយន្តខាងលើចំណាយពេលថតដល់ទៅ ១ ឆ្នាំ ហើយក្នុងកំឡុងពេលនោះ Margie និង តារាស្រី គីមប៊ីលី បានណាត់គ្នាធ្វើដំណើរកម្សាន្តទៅសមុទ្រ និង ខេត្តមួយចំនួនទៀតជាមួយគ្នា ដែលធ្វើឱ្យទំនាក់ទំនងពួកគេកាន់តែស្និទ្ធស្នាលឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ចំណែក យ៉ាយ៉ា វិញក៏ដូចគ្នា Margie និង យ៉ាយ៉ា បានថតរឿងជាច្រើនជាមួយគ្នា ម្យ៉ាងដោយសារតែចរិតរបស់ពួកគេស្រួលចូលគ្នាចុះឆាប់រហ័ស ទើបពួកគេក្លាយជាមិត្តសម្លាញ់ដល់សព្វថ្ងៃ៕