មើលរូបភាព ស៊ឹម សូលីកា និង ប្តី នៅក្នុងថ្ងៃចេញខែកូនអតីតស្វាមី ពោរពេញដោយក្តីស្រឡាញ់
ស៊ឹម សូលីកា និង ស្វាមី លោក អេង ឫទ្ធី បានបង្ហាញរូបភាពយ៉ាងស្រស់ស្អាតនៅក្នុងពិធីចេញខែកូនប្រុសរបស់អតីតស្វាមីកាលពីថ្ងៃទី ០១ ម្សិលមិញនេះ ។ តាមរយៈរូបភាពទាំងនេះគេសង្កេតឃើញថា ស៊ឹម សូលីកា និង ស្វាមីបានបង្ហាញក្តីស្រឡាញ់ដល់កូនប្រុសតូចរបស់អតីតស្វាមីដូចជាកូនរបស់ខ្លួនពិតៗតែម្តង ។
មិនមែនជារឿងចម្លែកអ្វីទេជារឿយៗ ស៊ឹម សូលីកា និង ស្វាមីតែងបង្ហាញរូបភាពស្និទ្ធស្នាលជាមួយអតីតស្វាមីជាចំហរ ។ យ៉ាងណាមិញថ្មីៗនេះ ស៊ឹម សូលីកា និងស្វាមី បានបង្ហាញនូវរូបភាពយ៉ាងស្រស់ស្អាតជាច្រើននៅក្នុងថ្ងៃចេញខែកូនប្រុសតូចនោះរួមជាមួយនឹងសារដែលមានអត្ថន័យថា «កូនប្រុសពៅរបស់ម៉ែពុក ចេញខែហើយជិតកំលោះហើយ សែនស្រឡាញ់ពេញបេះដូង ថ្លើមប្រមាត់អ្នកបង ( សុកាន ភីរៈណុច ) ០៨.១១.២០០០ ។ ប្រុសតូច ( សុកាន ភីរៈយុទ្ធ ) ៣១.០៦.២០២០ ។ បើលោកតា សុឹម សាខា បានដឹងបានឃើញ លោកនឹងសប្បាយចិត្ត ព្រោះឈ្មោះ របស់មនុស្សពីរនាក់ ដែលលោកតារៀបចំត្រៀមដាក់បន្តពូជ បានកើតចេញជារូបរាង បានក្លាយមកជាការពិតហើយ បើទោះបីជាត្រូវចាំយូរបន្តិចអស់រយៈពេល ២០ ឆ្នាំ ។ មេត្តា ករុណា មុទិតា ឧបេក្ខា ។ នេះហើយព្រហ្មវិហារធម៌ ទាំងបួន គឺជាធម៌របស់ព្រះព្រហ្ម អំពើល្អមិនសាបសូន្យទេ ទេវតាតាមបីបាច់ថែរក្សា »។
តាមរយៈរូបភាពទាំងនេះក៏ទទួលបានការសរសើរពីសំណាក់មហាជនពីទឹកចិត្តរបស់ ស៊ឹម សូលីកា និង អតីតស្វាមីដែល នៅតែបន្តរាប់អានគ្នាយ៉ាងស្និទ្ធស្នាលបែបនេះ ។
បើសង្កេតតាមរយៈរូបភាព ស៊ឹម សូលីកា បានបង្ហាញនូវក្តីស្រឡាញ់ដល់កូនតូចរបស់អតីតស្វាមីដូចកូនរបស់ខ្លួនពិតៗតែម្តង ។ គេចាំបានថាមុននឹងឈានដល់ការបែកបាក់ ស៊ឹម សូលីកា និង អតីតស្វាមីក៏មានកូនស្រីមួយជាចំណងដៃ ដែលពេលនេះនាងមានវ័យ ២០ ឆ្នាំទៅហើយ និង មានសម្រស់ស្អាតមិនចាញ់ម្តាយប៉ុន្មានឡើយ ៕