ត្រឹមរយៈពេលជាងពីរឆ្នាំ ករុណា ពេជ្រ ចំណាយជិត ២០ ម៉ឺនដុល្លារព្យាបាលលោកឪពុក
ពិតជាមានទឹកចិត្តកត្តញ្ញូមែនត្រឹមរយៈពេលតែជាងពីរឆ្នាំប៉ុណ្ណោះដែលលោក ករុណា ពេជ្រ បានចំណាយប្រាក់ជាច្រើនដល់ទៅក្បែរ ២០ ម៉ឺនដុល្លារដើម្បីព្យាបាលឪពុករបស់លោកដែលមានជម្ងឺដាច់សរសៃឈាមខួរក្បាល ។ ថ្វីដ្បិតឪពុកមិនទាន់មានសភាពល្អប្រសើរតែ ករុណា ពេជ្រ នៅតែមានទឹកចិត្តមិនបោះបង់ការព្យាបាលជម្ងឺរបស់ឪពុកឡើយ ។
គេចាំបានថាមួយរយៈមុន លោក ករុណា ពេជ្រ បានប្រកាសលក់វីឡារបស់លោកដែលមានទីតាំងនៅជិតវត្តសំរោងអណ្តែតដើម្បីយកទឹកប្រាក់មួយចំណែកមកមើលការខុសត្រូវចំពោះការព្យាបាលឪពុករបស់លោក ។ ដោយសារតែលោក ករុណា ពេជ្រ ជាកូនទោលទើបការទទួលខុសត្រូវក្នុងការព្យាបាលឪពុកជាបន្ទុករបស់លោកតែម្នាក់ប៉ុណ្ណោះ ។ យ៉ាងណាមិញមួយរយៈមុនលោកទើបនឹងធ្វើម៉ុងទៅតាមបណ្តាំរបស់ឪពុកលោកថែមទៀតផង ។ ក្នុងនោះក៏មានការសរសើរឪពុកលោក ករុណា ពេជ្រ ដែលមាន សំណាង មានកូនប្រុសល្អបែបនេះ ។
ដោយសារតែត្រូវមើលថែឪពុកដែលមានជម្ងឺធ្ងន់ធ្ងរបែបនេះ ទើបលោក ករុណា ពេជ្រ បានបោះបង់ អាជីពចម្រៀងមួយរយៈមកហើយ តែយ៉ាងណាលោកអាចនឹងវិលមកកាន់ក្បាលមេក្រូវិញនៅក្នុងអំឡុងឆ្នាំ ២០២១ ខាងមុខនេះ ។ ទោះមិនប្រកបអាជីពចម្រៀង តែ កុរណា ពេជ្រ នៅតែរវល់ក្នុងការមើលខុសត្រូវរបររបស់លោក ៕