ជិតដល់ខែកំណត់ចូលរោងការ តារាកំប្លែង វ៉ាន់ នីឡា ចង់រៀបការបែបតូចតាច ចុះអេតាស៊ីវិលមិនខ្វល់អ្នកសើចយំ
មានការចាប់អារម្មណ៍ពីសំណាក់មហាជនក្រោយពីបានឃើញតារាកំប្លែងវ័យក្មេង វ៉ាន់ នីឡា បានប្រកាសថាមានបំណងចង់រៀបការតូចតាច ព្រោះចង់ទុកលុយរកស៊ីមិនខ្វល់អ្នកសើចយំ ។
គេចាំបានថាបើតាមគម្រោងតារាកំប្លែង វ៉ាន់ នីឡា នឹងត្រូវចូលរោងការកាលពីដើមខែឧសភាកន្លងទៅ តែដោយសារវីរុសកូវីដ ១៩ តារាកំប្លែងវ័យក្មេងរូបនេះក៏បានពន្យារពេលរៀបការ ដោយលើកទៅខែសីហាវិញ ។ អ្វីដែលចាប់អារម្មណ៍ស្របពេលកៀកដល់ខែជិតរៀបការ វ៉ាន់ នីឡា បានក៏បានបង្ហោះសារខ្លីមួយថា «រៀបចំមង្គលការខ្នាតតូចមនុស្សពីរគ្រួសារ ចុះអេតាស៊ីវិលសល់លុយរកស៊ីអ្នកណាសើចកុំខ្វល់ សំខាន់យើងមានសុភមង្គលសល់លុយ» ។
ការលើកឡើងបែបនេះក៏មានការភ្ញាក់ផ្អើល ព្រោះគេស្ទើរមិនជឿថាតារាកំប្លែងវ័យក្មេងរូបនេះបែរជាចង់រៀបចំថ្ងៃពិសេសរបស់ខ្លួនបែបតូចតាចទៅវិញ ។ ក្នុងនោះក៏មានអ្នកខ្លះលើកឡើងថា នេះគ្រាន់តែជាការនិយាយលេងសើចរបស់ វ៉ាន់ នីឡា ប៉ុណ្ណោះ ។
ទោះបីជាធ្លាប់បង្ហើបថានឹងចូលរោងការនៅខែសីហាក្តី តែ វ៉ាន់ នីឡា មិនទាន់និយាយពីពេលវេលាច្បាស់លាស់ក្នុងការរៀបការឡើយ ។ ទោះមិនទាន់ចូលរោងជ័យក៏ពិតមែនតែគេសម្គាល់ឃើញថាចំណងស្នេហ៍របស់ វ៉ាន់ នីឡា និង អនាគតស្វាមីកាន់តែល្អូកល្អិន និង ស៊ីជម្រៅ ៕