អ្នកសិល្ប ៥ គូ មហាជនអន្ទះសា រង់ចាំថ្ងៃមង្គលការ ក្រោយពេលទាក់ទងគ្នាយ៉ាងយូរ
មានសិល្បករ សិល្បការិនីជាច្រើនគូមកហើយដែលមានចំណងស្នេហាជាមួយគ្នានៅក្នុងវិថីសិល្បៈ ។ នៅក្នុងនោះ មហាជនក៏ឃើញមានគូខ្លះក៏បានជោគជ័យក្នុងជីវិតគូឈានដល់ការរៀបការបង្កើតគ្រួសារ ហើយក៏មានខ្លះទៀតមិនអាចឈានដល់ ។
យ៉ាងណាក៏ដោយបច្ចុប្បន្នមហាជនអ្នកគាំទ្រកំពុងតែមានការសរសើរពីចំណងស្នេហារបស់តារាប្រុសស្រីវ័យក្មេង ៥ គូ ដែលកំពុងតែមានភាពល្អូកល្អិន និង ទាក់ទងគ្នាអស់ជាច្រើនឆ្នាំមកហើយដែរ ។ ក្នុងនោះតារាប្រុសស្រីទាំង ៥ គូនោះ ក៏បានធ្វើឲ្យមិត្តភក្តិ មហាជន និង អ្នកគាំទ្រទន្ទឹងរង់ចាំថ្ងៃមង្គលជ័យរបស់ពួកគេផងដែរ ។
១) ទេព បូព្រឹក្ស និង ជី ដេវីដ
តារាចម្រៀងយុវវ័យទាំងពីរូបនេះ ចាប់ផ្តើមចំណងស្នេហាជាមួយគ្នាតាំងពីពួកគេស្ថិតនៅក្នុងទ្រនំផលិតកម្មរស្មីហង្សមាសមកម្ល៉េះ ។ បច្ចុប្បន្នទោះបីជាអ្នកទាំងពីរមិនបានស្ថិតនៅក្នុងផលិតកម្មតែមួយក៏ដោយ ប៉ុន្តែ ទេព បូព្រឹក្ស និង ជី ដេវីដ ក៏នៅតែបង្ហាញភាពផ្អែមល្ហែមស្ទើររាល់ថ្ងៃផងដែរ ។ មិនត្រឹមតែប៉ុណ្ណោះ អ្នកទាំងពីរក៏ហាក់រវល់ក្នុងការមើលថែមុខជំនួញឲ្យគ្នាទៅវិញទៅមកផងដែរ ។
២) ស៊ិន យូប៊ីន និង ខាត់ វៃហាំង
រយៈពេលជាង ៧ ឆ្នាំមកហើយ ដែលតារាសម្តែងស្រីប្រុស ស៊ិន យូប៊ីន និង ខាត់ វៃហាំង មានទំនាក់ទំនងស្នេហានឹងគ្នា ទោះបីជាអ្នកទាំងពីរទើបតែបានសារភាពដល់មហាជនកាលពីឆ្នាំ ២០១៨ ។ តារាគូនេះ ធ្វើឲ្យមហាជនមានការសរសើរទាំងជីវិតគូក្នុងការសម្តែងខ្សែភាពយន្ត និង ជីវិតគូនៅក្នុងជីវិតពិត ។ មិនត្រឹមតែប៉ុណ្ណោះ អ្នកគាំទ្រក៏សង្ឃឹមថាថ្ងៃណាមួយនៅក្នុងជីវិតអ្នកទាំងពីរនឹងដឹកដៃគ្នាចូលរោងជ័យ ដូចជារឿងដែលពួកគេបានសម្តែង ។
៣) ពេជ្រ សោភា និង ឆឹម សក្កដា
បន្ទាប់ពីបិទបាំងចំណងស្នេហាមួយរយៈ តែចុងក្រោយតារាចម្រៀង ពេជ្រ សោភា និង តារាសម្តែង ឆឹម សក្កដា ក៏បានបង្ហាញជាសាធារណៈពីទំនាក់ទំនងរបស់អ្នកទាំងពីរ ។ ទោះបីជាមិនទាន់មានដំរួញ និង ចូលរោងជ័យនៅពេលណាក៏ពិតមែន តែអ្នកគាំទ្ររបស់តារាទាំងពីររូបនេះគិតថានៅមិនយូរទៀតឡើយ អាចនឹងមានដំណឹងល្អក្នុងពេលឆាប់ៗនេះ ។
៤) សុខ សុម៉ាវត្តី និង លី វ៉ាហេត
តារាសម្តែង និង ជាពិធីការនី សុខ សុម៉ាវត្តី ទោះបីជាធ្លាប់មានប្រវត្តិបរាជ័យក្នុងជីវិតអាពាហ៍ពិពាហ៍ពីពេលមុនយ៉ាងណាក៏ដោយ តែបច្ចុប្បន្នមហាជនកំពុងតែសរសើរពីចំណងស្នេហ៍ខុសវ័យរបស់នាង និង កីឡាករបាល់ទាត់ លី វ៉ាហេទ យ៉ាងច្រើនផងដែរ ។ ក្នុងនោះគេបានដឹងថា អ្នកទាំងពីរចាប់ផ្តើមមានទំនាក់ទំនងស្នេហា និងបើកចំហជាសាធារណៈបន្ទាប់ពីពួកគេបានសម្តែងខ្សែភាពយន្តរួមគ្នា ។
៥) ម៉ៅ គឹមធីតា និង គូម៉ា
រយៈពេលជិត ៤ ឆ្នាំមកហើយ ដែលតារាសម្តែង ម៉ៅ គឹមធីតា និង តារាចម្រៀង គូម៉ា មានចំណងស្នេហ៍ ហើយបង្ហាញដល់សាធារណៈជនដោយមិនលាក់លៀម ។ ក្នុងនោះគេសង្កេតឃើញតារាគូរនេះ ក៏បានណែនាំគ្នាដល់ឪពុកម្តាយ និងក្រុមគ្រួសាររៀងៗខ្លួនរួចមកហើយដែរ ។ យ៉ាងណាក៏ដោយ ថ្ងៃមង្គលនៅពេលណានោះក៏មិនទាន់ដឹង តែមហាជនក៏សង្ឃឹមថានឹងបានឃើញអ្នកទាំងពីរក្នុងឈុតកូនក្រមុំកូនកំលោះ មិនមែនក្នុងឈុតអ្នកកំដរដូចលើកមុនឡើយ ៕