ពពោះច្រើនខែហើយតារាបង្ហាញម៉ូដ Gigi Hadid ទើបហ៊ានបង្ហាញក្បាលពោះជាសាធារណៈ
រយៈពេលជិត ៧ ខែហើយ ក្រោយពីការប្រកាសមានផ្ទៃពោះរបស់តារាបង្ហាញម៉ូដវ័យ ២៥ ឆ្នាំនាង Gigi Hadid ជាមួយមិត្តប្រុសដែលជាអតីតក្រុមតារាចម្រៀង «One Direction» Zayn Malik តែមហាជនបានសង្កេតឃើញថា អនាគតអ្នកម្តាយវ័យក្មេងរូបនេះមិនដែលបង្ហាញរូបភាពមួយជំហរខ្លួនជាមួយនឹងពោះទទេដែលមានកូនតូចក្នុងផ្ទៃនោះទេ ។
យ៉ាងណាមិញកាលពីពេលថ្មីៗនេះ តារាបង្ហាញម៉ូដរូបនេះបានដាច់ចិត្តបង្ហាញក្បាលពោះទទេ ដោយគ្មានបិទបាំងជាសាធារណៈហើយ ក្នុងការ live video ក្នុងគណនី Instagram របស់នាងកំឡុងពេលដែលនាងកំពុងថតរូបឲ្យទស្សនាវដ្តី V Magazine ។ នៅក្នុងការ live នោះដែរ Gigi ក៏បានប្រាប់មូលហេតុដែលនាងមិនដែលបង្ហាញពេលនាងកំពុងមានផ្ទៃពោះជាសាធារណៈនោះ ក៏ព្រោះតែ «នាងកំពុងតែផ្តោតការយកចិត្តទុកដាក់ក្នុងការមើលថែទាំសុខភាព និង ការពារកូវីដ ១៩» ។
អនាគតអ្នកម្តាយវ័យក្មេងរូបនេះ បានបង្ហាញអារម្មណ៍ពពោះកូនដំបូងរបស់នាងយ៉ាងរំភើបទៀតថា «នាងធ្លាប់បានថតរូបពោះរបស់នាងដែលមានកូនតូចក្នុងផ្ទៃ និងនៅពេលកូនកម្រើកម្តងៗពិតជាគួរឲ្យស្រឡាញ់ ។ ម្យ៉ាងវិញទៀតក្រុមគ្រួសារ និង មិត្តភត្កិរបស់នាងគឺនាងធ្លាប់បានប្រាប់ថា កុំភ្លេចឲ្យសោះពីការចងក្រង និង ថតទុកសកម្មភាពទាំងនោះព្រោះវាជាពេលវេលាដ៏រំភើបបំផុត» ៕