សឿ សុធារ៉ា លេចមុខជាថ្មី ក្រោយបាត់មុខពីសិល្បៈ ១១ ឆ្នាំ
មហាជនបានបង្ហាញការអារម្មណ៍ជាខ្លាំងក្រោយពីបានឃើញតារាសម្តែង សឿ សុធារ៉ា បានវិលចូលសិល្បៈជាថ្មីម្តងទៀត បន្ទាប់ពីនាងបានបាត់មុខពីអាជីពនេះអស់រយៈពេលប្រមាណជា ១១ ឆ្នាំ ទៅសាងជីវិតគ្រួសារនោះ ។
ការបង្ហាញខ្លួនលើកនេះ សឿ សុធារ៉ា ចាប់ផ្តើមលេចវត្តមានក្នុងការងារថតសម្អាងការមួយ ដោយក្នុងនោះម្ចាស់សម្អាងការបានលើកឡើងថា «បន្ទាប់ពីបាត់មុខពីការងារសិល្បៈ ១១ ឆ្នាំ… Welcome Back my Idol សឿ សុធារ៉ា ទីបំផុតបានថតរួមគ្នាហើយ» ។ ជាមួយនឹងការបង្ហាញវត្តមាននេះដែរ សឿ សុធារ៉ា ទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកគាំទ្រ ដោយមានការសរសើរថានាងនៅតែស្រស់ស្អាតមិនប្រែប្រួលឡើយ បើទោះពេលនេះនាងមានស្វាមី និង កូនប្រុសស្រីដល់ទៅពីរនាក់ក៏ដោយ ។
គួរឱ្យកត់សម្គាល់ដែរថា មុនលេចមុខនៅក្នុងការងារសិល្បៈនេះ សឿ សុធារ៉ា បានធ្វើឱ្យមិត្តរួមអាជីពបើកភ្នែកធំៗគ្រប់គ្នា ក្រោយពីនាងត្រលប់មកជាមួយនឹងភាពហ៊ឺហាជាខ្លាំងដែលកាលពីកន្លងទៅនេះ នាងបានលេចមុខនៅក្នុងហាងពេជ្រមួយកន្លែងដើម្បីទិញគ្រឿងពេជ្រពាក់មានតម្លៃដល់ទៅ ១០ ម៉ឺនដុល្លារផងដែរ ។ សឿ សុធារ៉ា ជាតារាសម្តែងមានឈ្មោះបោះសំឡេងនៅក្នុងប្រទេសមួយរូប តែគួរឱ្យស្តាយក្រោយមានស្វាមី និង កូនជាបន្តបន្ទាប់នាងក៏បានដកខ្លួនចេញពីការងារនេះយ៉ាងស្ងៀមស្ងាត់ សូម្បីតែស្វាមីនាងគឺលោក សាពូន មីដាដា ក៏ចាកចេញពីអាជីពចម្រៀងនេះដែរ ៕