ឃុំ ប៊ុណ្ណាដែត និង យក់ ថិតរដ្ឋា បង្ហាញវីឡាថ្មីស្កឹមស្កៃ ស្វាគមន៍កូនស្រីទី ៣
ចូលខែថ្មីមិនទាន់បានប៉ុន្មានផង ពេលនេះលោក ឃុំ ប៉ុណ្ណាដែត ដែលជាស្វាមីតារាចម្រៀង យក់ ថិតរដ្ឋា បានបង្ហាញផ្ទះវីឡាធំស្កឹមស្កៃ ដែលសាងសង់ជិតរួចរាល់ដើម្បីស្វាគមន៍កូនទីបី ដែលជាកូនស្រីដែលនឹងត្រៀមសម្រាលក្នុងពេលឆាប់ៗនេះ ។
បើទោះមិនទាន់សាងសង់រួចរាល់ក៏ពិតមែន តែតាមការបង្ហាញតាមរយៈរូបភាពដែលលោក ឃុំ ប៊ុណ្ណាដែត បានបង្ហោះ គេសង្កេតឃើញផ្ទះវីឡារបស់លោកពិតជាធំទូលាយ និងត្រូវគេប៉ាន់ស្មានថា មានតម្លៃមិនតិចម៉ឺនដុល្លារនោះទេ ។ យ៉ាងណាមិញ លោកមិនបានបញ្ជាក់ថា ផ្ទះវីឡាថ្មីរបសលោកមានទីតាំងស្ថិតនៅក្នុងបុរីណាឡើយ ។ ជាមួយនឹងរូបភាពនេះ ស្វាមីរបស់តារាចម្រៀង យក់ ថិតរដ្ឋា បានបង្ហោះសារថា «ក៏ជាក្តីសុខរបស់យេីងដែរ ត្រូវតែទទួលយក» ។ មានការបន្ថែមពីសំណាក់តារាក្នុងសិល្បៈផងដែរថា វីឡាថ្មីនេះ យក់ ថិតរដ្ឋា និងស្វាមី ត្រៀមទទួលសមាជិកថ្មីជាកូនស្រី ដែលអ្នកទាំងពីរចង់បានជាយូរមកហើយ ទៀតផង ។
គួរឱ្យដឹងថា យក់ ថិតរដ្ឋា និង ឃុំ ប៊ុណ្ណាដែត ត្រូវបានគេចាត់ទុកជាប្តីប្រពន្ធអ្នកសិល្បៈដែលមានជីវិតពោរពេញ ទៅដោយសុភមង្គល បើទោះបីពួកគេរៀបការយូរឆ្នាំក៏ពិតមែន ។ ជារឿយៗ គេមិនដែលឃើញមានលេចឮនូវបញ្ហារកាំរកូសទេ ហើយមួយរយៈមុននេះ ប្តីប្រពន្ធមួយគូនេះ ក៏ទើបបានបង្កើតមុខរបរបន្ថែមមួយចំនួនទៀត ពីលើការងារសិល្បៈរបស់ខ្លួនសព្វថ្ងៃផងដែរ ៕
រូបថត ៖ ហ្វេសប៊ុក