នៅដល់អូស្ត្រាលីហើយ និរ័ត្ន មានអ្នកតាមសួរឌឺដងទៀតថានាងរស់នៅគ្មានសុភមង្គល
រយៈពេលជិត ២ ឆ្នាំហើយ ដែលតារាចម្រៀងផលិតកម្មថោន និរ័ត្ន បានរៀបការ និង ចាកចេញពីស្រុកកំណើតទៅរស់នៅជាមួយស្វាមីឯប្រទេសអូស្ត្រាលី ហើយសព្វថ្ងៃនេះតារារូបនេះក៏ទទួលបានកូនប្រុសមួយរូបដ៏ស្រស់ស្អាតផងដែរ ។
ទោះជាទៅរស់ឆ្ងាយពីស្រុកកំណើត និង មិនបានបញ្ចេញបទចម្រៀងថ្មីៗក៏ពិតមែន តែតារារូបនេះក៏ធ្លាប់បានប្រាប់ «ប្រជាប្រិយ» ថា «នាងមិនបញ្ឈប់អាជីពច្រៀងនេះទេ នៅពេលមានឱកាសត្រលប់មកវិញ នាងនឹងចាប់ផ្តើមសាជាថ្មី» ។
ម្ចាស់បទ «វ៉ល់ៗ» រូបនេះ តែងតែបង្ហោះរូបភាពយ៉ាងមានក្តីសុខជាមួយនឹងជីវិតឯកជនរបស់នាង តែយ៉ាងណាថ្មីៗនេះ និរ័ត្ន ហាក់មានអារម្មណ៍មិនស្រណុករឿងម្យ៉ាងរហូតដល់នាងបានបង្ហោះសារនៅក្នុងគណនីហ្វេសប៊ុកថា «អ្នកខ្លះឆាតមកសួរហើយខ្លះសួរនាំតាមគេ! បងមានកូនអត់ដែលឃើញមុខប្ដី? ចាសអូន! បងសូមប្រាប់ណាប្ដីបងអត់សូវចូលចិត្តថតទេ ទើបអត់មានរូបប្ដីផុសឱ្យដឹង អរគុណដែលគិតបារម្ភ»។
ក្នុងនោះដែរ និរ័ត្ន ក៏បានប្រាប់មូលហេតុមក «ប្រជាប្រិយ» ដែរថា អ្នកដែលបានឆាតមកសួរនាំរូបនាងពីស្វាមី ដោយបានគិតថានាង និង ស្វាមីមានបញ្ហាជាមួយគ្នា ទើបមិនសូវឃើញរូបភាពជុំគ្រួសារនោះ តាមពិតចង់ឌឺដងនាងតែប៉ុណ្ណោះ ។
ស្របជាមួយគ្នានោះ និរ័ត្ន ក៏បានឆ្លើយតបយ៉ាងរំភើយទៅអ្នកសួរនាំនោះថា «ខ្ញុំមានក្ដីសុខណាស់កុំបារម្ភ ហើយខ្ញុំធាត់ជាងមុនដោយសាប្ដីខ្ញុំមើលថែខ្ញុំបានល្អ ជីវិតខ្ញុំពេលនេះមិនមានបញ្ហាអ្វីទេ អរគុណបានខ្វល់ពីសុខទុក្ខខ្ញុំ» ៕