ខេមរៈ សិរីមន្ត រំភើបខ្លាំងក្រោយដុសខាត់ក្មួយៗឱ្យដើរតាមគន្លងខ្លួន ពេលនេះកំពុងបានផ្លែផ្កា
ដោយសារសម្រស់ស្រស់ស្អាតបែបយុវវ័យ រួមជាមួយនឹងទេពកោសល្យសិល្បៈពីធម្មជាតិផងនោះ បានធ្វើឱ្យក្មួយស្រីរបស់តារាចម្រៀង ខេមរៈ សិរីមន្ត ចាប់ផ្តើមលេចមុខបណ្តើរៗនៅក្នុងការងារសិល្បៈ ដែលធ្វើឱ្យលោកមានការរំភើបចិត្តជាខ្លាំង ។
ដោយសារតែកូនប្រុសស្រីទាំងបីនៅតូចៗពេក ពេលនេះតារាចម្រៀង ខេមរៈ សិរីមន្ត បានចាប់ផ្តើមបង្វឹកក្មួយស្រីក្រមុំទាំងពីរបស់ខ្លួនឱ្យចូលក្នុងសិល្បៈ ដែលពេលនេះក៏ចាប់ផ្តើមមានទីផ្សារបណ្តើរហើយ ដោយពួកគេទាំងពីរមានឱកាសបានថតស្ប៉តសម្អាងការមួយធ្វើឱ្យតារាចម្រៀងរូបនេះមានការរីករាយចិត្តជាខ្លាំង ។ ខេមរៈ សិរីមន្ត បានបង្ហោះសារថា «WOW ក្មួយស្រីរបស់ខ្ញុំទាំងពីរទើបតែថត MV នឹងចេញចម្រៀងបានមួយបទសោះ ត្រូវបានសម្អាងការផ្តល់កិត្តិយសឱ្យថតស្ប៉ត សម្អាងការបាត់ទៅហើយ ជូនពរក្មួយឱ្យទទួលបានជោគជ័យក្នុងកិច្ចការងាររបស់ក្មួយ» ។
ជាមួយនឹងការលើកឡើងរបស់តារាចម្រៀង ខេមរៈ សិរីមន្ត ក៏មានការលាន់មាត់សរសើរថាក្មួយស្រីរបស់លោកពិតជាមានសម្រស់ស្អាត ដែលនឹងអាចមានឈ្មោះបោះសំឡេងទៅថ្ងៃក្រោយ ។
គេចាំបានថា កន្លងមក ខេមរៈ សិរីមន្ត បានយកក្មួយស្រីរបស់លោកឱ្យចូលរួមសម្តែងនៅក្នុងបទចម្រៀង «វាលត្រែងវាលស្មៅ» ដែលបានទៅថតនៅខ្នងផ្សារ ដោយគេសង្កេតឃើញថាទាំងពូ និង ក្មួយបានសម្ដែងរួមគ្នាយ៉ាងស៊ីចង្វាក់ដូចគូសង្សា ហើយមិនបានប៉ុន្មានផងតារាចម្រៀងប្រុសរូបនេះបានបង្ហាញក្មួយស្រីម្នាក់ទៀតតាមរយៈចម្រៀងមួយបទមានចំណងជើងថា «នឹកណាស់ ឈឺណាស់» ឃើញថាពីរោះគួរសម ។ ដោយសារក្មួយស្រីទាំងពីរមានទាំងសមត្ថភាព និង រូបសម្រស់បែបនេះហើយ ទើបលោកជួយជ្រោមជ្រែងឱ្យដើរតាមគន្លងដូចលោកដែលពេលនេះកំពុងមានទីផ្សារបណ្តើរៗ ៕