អបអរសាទរ! ស្ថាបនិក «បុណ្យភូមិ» រិទ្ធី លំអរពេជ្រ ទទួលបានពានរង្វាន់ស្ត្រីបង្កើតមាតិកាព័ត៌មានច្នៃប្រឌិត
នេះមិនមែនជាលើកទីមួយនោះទេដែល រិទ្ធី លំអរពេជ្រ ជាស្ថាបនិក «បុណ្យភូមិ» និង ស្ថាបនិក «ភ្លើងគុប» ទទួលបានពានរង្វាន់នានាតំណាងឱ្យស្ត្រី និង យុវវតីក្នុងប្រទសកម្ពុជា ។ ថ្មីៗនេះ រិទ្ធី លំអរពេជ្រ ទើបតែទទួលបានពានរង្វាន់ស្ត្រីដែលបង្កើតមាតិកាព័ត៌មានច្នៃប្រឌិត (Creative Digital Contents Award) ឆ្នាំ ២០២០ ដែលជាការផ្តួចផ្តើមរបស់ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ដើម្បីជំរុញលើកទឹកចិត្តស្ត្រីកម្ពុជា ។
នៅក្នុងពានរង្វាន់ស្ត្រីដែលបង្កើតមាតិកាព័ត៌មានច្នៃប្រឌិត (Creative Digital Contents Award) នេះដែរគឺជាការផ្តល់កិត្តិយស និង ទទួលស្គាល់នូវស្នាដៃរបស់ស្ត្រីកម្ពុជា ដែលបានចូលរួមយ៉ាងសកម្មនាពេលកន្លងមកក្នុងការអភិវឌ្ឍន៍វិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (ICT) ហើយក្នុងនោះ រិទ្ធី លំអរពេជ្រ គឺជាស្រ្តីមួយរូបដែលបានបង្កើតស្នាដៃវីដេអូឯកសារជាច្រើន និង ស្នាដៃវីដេអូបែបស្នេហាយុវវ័យផងដែរ ។ មិនត្រឹមតែប៉ុណ្ណោះ នាងបានបង្កើតមាតិកាដែលទទួលបានប្រជាប្រិយភាព និង មានឱកាសទទួលបានបានរង្វាន់នេះបាន ដូចជាកម្មវិធី Love9, Shadow of the Shadow, និង បុណ្យភូមិ ជាដើម ។
គួរជម្រាបដែរថា រិទ្ធី លំអរពេជ្រ ជាស្ថាបនិក និង អគ្គនាយិការបស់ក្រុមសិល្បៈ «ភ្លើងគុប» ជាក្រុមមួយបង្កើតឡើងដោយផ្តោតលើវប្បធម៌ ប្រពៃណី និង ជាស្ថានិកនៃ «បុណ្យភូមិ» ផងដែរ ។ នៅក្នុងនោះនាងក៏ផលិតករខ្សែភាពយន្តមួយរូបផងដែរដោយកាលពីពេលកន្លងមក រិទ្ធី លំអរពេជ្រ ក៏ទើបតែទទួលបានការអញ្ចើញចូលរួមកម្មវិធីមហោស្រពអន្តរជាតិនៅប្រទេសស្វីស ដែលមានឈ្មោះថា Locarno Film Festival 2020 ទៀតផង ៕