ធ្លាយដំណឹងថា សុផា លីនដា ដឹកដៃគូស្នេហ៍ថត Pre Wedding ក្រោយស្វែងយល់ចិត្តថ្លើមគ្នាតែ ៣ ខែ
ស្វែងយល់ចិត្តថ្លើមគ្នារយៈពេលខ្លីមែនតែ សុផា លីនដា ហាក់ដូចជាមានជំនឿ និង ជឿជាក់ចំពោះស្នេហាថ្មីរបស់នាង ដោយមានការបង្ហើបថាពេលនេះ តារាសម្តែង និង ម៉ូដែលរូបស្រស់ម្នាក់នេះ បានបណ្តើរគូស្នេហ៍ទៅថតរូប Pre Wedding រួចរាល់អស់ហើយ គ្រាន់តែមិនទាន់ប្រាប់ពីពេលវេលាពិតប្រាកដ ក្នុងការរៀបការដោយសារតែមិនទាន់ស្ងាត់កូវីដ ១៩ ។
ហាក់រាងចាលជាមួយគូស្នេហ៍ជាអ្នកសិល្បៈដូចគ្នា ពេលនេះតារាសម្តែង សុផា លីនដា បានងាកទៅ រកដៃគូថ្មីជាអ្នកនៅក្រៅពិភពសិល្បៈ ដែលពេលនេះចំណងស្នេហ៍របស់ពួកគេកាន់តែស៊ីជម្រៅ ក្រោយស្គាល់គ្នាមួយឆ្នាំ និង ចាប់ផ្តើមស្វែងយល់ចិត្តថ្លើមគ្នាប្រមាណតែបីខែប៉ុណ្ណោះ ។ យ៉ាងណាមិញ មានការព្រលយថា សុផា លីនដា បានដឹកដៃគូស្នេហ៍ទៅថតរូបសម្រាប់ពិធីអាពាហ៍ពិពាហ៍រួចរាល់អស់ហើយ អាចនិយាយថា ស្ងាត់កូវីដ ១៩ ពេលណាពួកគេ នឹងរៀបចំពិធីតែម្តង ។
បន្ថែមពីលើនេះ ទោះមិនទាន់រៀបការក៏ពិតមែនតែ សុផា លីនដា បានបោះទុនជាមួយគូស្នេហ៍ បង្កើតកន្លែងលក់អាហារមួយកន្លែង មានឈ្មោះថា ខ្ទះពុះ ដែលបើកដំណើរការមួយរយៈមុននេះ។ ក្នុងនោះ អនាគតស្វាមីរបស់នាងដែលជាអណិកជនមកពីសហរដ្ឋអាមេរិក ធ្វើជាចុងភៅផ្ទាល់ទៀតផង។ ប្រសិនដំណើរការរលូនល្អ នាង និង គូស្នេហ៍ មានគម្រោងបើកជាសាខាជាបន្តបន្ទាប់ ព្រមទាំងលក់ជាហ្រ្វេនឆាយផងដែរ។
ទស្សនិកជនជាច្រើន បានការជូនពរឱ្យ សុផា លីនដា និង គូស្នេហ៍ថ្មី បានសម្រេចបំណង ព្រមទាំងចូលរោងជ័យឆាប់ៗ ទៅតាមការគ្រោងទុក ៕
រូបថត ៖ ហ្វេសប៊ុក