តារាវ័យក្មេង យូ កាម៉ុនរ៉ាត់ ទម្លាយចរិតពិតក្នុងខ្សែភាពយន្ត «ពន្លឺនៃក្តីស្រមៃ- Yellow Light» (វីដេអូ)
ផ្តើមចេញពីក្រុមរាំយុវវ័យ យូ កាម៉ុនរ៉ាត់ បានឈានជើងចូលក្នុងវិស័យសិល្បៈយ៉ាងជោគជ័យក្នុងរយៈពេលខ្លី ដែលទទួលបានប្រជាប្រិយភាព និង ការគាំទ្រយ៉ាងខ្លាំងពីសំណាក់យុវវ័យ ។ បច្ចុប្បន្ន កាម៉ុនរ៉ាត់ ក៏បានផ្តាច់ខ្លួនក្លាយទៅជាតារាឯករាជ្យដែលមានជំនាញជាពិធីករ និង តារាសម្តែងផងដែរ ហើយដោយសម្រស់ស្រស់ស្អាតបែបឃ្យូដៗផង តារារូបនេះក៏បានក្លាយទៅជាតារាតំណាងក្រុមហ៊ុនមួយចំនួនថែមទៀត ។
ថ្មីៗនេះតារាវ័យក្មេងរូបនេះ ក៏ទើបតែបង្ហាញទេពកោសល្យក្នុងការសម្តែងខ្សែភាពយន្តភាគរឿង «ពន្លឺនៃក្តីស្រមៃ- Yellow Light» ដែលបានសម្តែងនៅឯខេត្តឈៀងរ៉ៃ ប្រទេសថៃ ទទួលបានការចាប់អារម្មណ៍ និង សរសើរយ៉ាងខ្លាំងពីមហាជន ។
យូ កាម៉ុនរ៉ាត់ បានសម្តែងជាតួអង្គក្មេងស្រីម្នាក់ឈ្មោះ Mai ដែលមានភាពក្លាហាន បានចាកចេញពីស្រុកកំណើត ទៅធ្វើការជាអ្នករត់តុក្នុងហាងកាហ្វេតែម្នាក់ឯងនៅក្រៅប្រទេស ហើយក្នុងនោះដែរ កាម៉ុនរ៉ាត់ ក៏បានប្រាប់មកកាន់ «ប្រជាប្រិយ» ថា «តួអង្គដែលនាងបានសម្តែងនោះ គឺដូចទៅនឹងចរិតពិតរបស់នាងខ្លាំងណាស់» ។
កាម៉ុនរ៉ាត់ បានបន្តថា «នៅក្នុងខ្សែភាពយន្តនោះ តួអង្គដែលនាងត្រូវសម្តែងគឺមានចរិតលក្ខណៈបែបលេងសើចច្រើន ក្លាហាន រួសរាយ គឺដូចទៅនឹងនាងខាងក្រៅតែម្តង ហើយពេលខ្លះនាងពិតគឺលេងសើច និង រួសរាយច្រើនជាងនេះទៅទៀត» ។ ចង់ដឹងថាតើតារាវ័យក្មេងនេះមានចរិតពិតយ៉ាងណា ទៅទស្សនាខ្សែភាពយន្ត «ពន្លឺនៃក្តីស្រមៃ- Yellow Light» ខាងក្រោម៖