សួស វីសា ស្លៀកឈុតសម័យលង្វែកថតពីរនាក់ប្តី មើលទៅសមសួនណាស់
ក្រោយពីត្រៀមខ្លួនទទួលសមាជិកថ្មីដែលនឹងឃើញពន្លឺព្រះអាទិត្យនៅក្នុងពេលប៉ុន្មានខែខាងមុខនេះ សួស វីសា និង ស្វាមីតែងបង្ហាញរូបភាពផ្អែមល្ហែមនៅក្នុងជីវិតគូរបស់ខ្លួនជាចំហ ហើយមុននេះបន្តិចនាងបានបង្អួតសម្រស់ក្នុងឈុតបុរាណជាមួយស្វាមីក្នុងពេលពោះកាន់តែខ្ទាតធំ ដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ។
មិនមែនជារឿងចម្លែកអ្វីទេ នៅពេលពោះខ្ទាតធំតារាជាច្រើនតែងបង្ហាញសម្រស់ក្បាលពោះរបស់ខ្លួនក្នុងឈុតសិចស៊ីដើម្បីទុកជាអនុស្សាវរីយ៍ ដោយឡែកតារាចម្រៀងរូបស្រស់ សួស វីសា និង ស្វាមីលោក ថមមី ឯណេះវិញហាក់ប្លែកពីមិត្តរួមអាជីពបន្តិច ដោយពួកគេបានជ្រើសរើសការស្លៀកឈុតបុរាណជាស្តេចគ្រងរាជនៅក្នុងសម័យលង្វែក មើលទៅពិតជាប្លែកភ្នែក និង ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ។ ក្នុងនោះដែរស្វាមីរបស់ សួស វីសា ក៏បានលើកឡើងថា បើមានការខុសឆ្គងក្នុងន័យអចេតនាណាមួយ លោកក៏សុំមេត្តាខន្តីអភ័យទោសទុកជាមុន ។
មានការសរសើរពីសំណាក់មហាជនថា ការតែងតួបែបនេះរបស់ សួស វីសា និង ស្វាមីពិតជាស័ក្តិសមជាខ្លាំង ។ បើគិតមកដល់ពេលនេះ សួស វីសា ពពោះប្រមាណជាង ៧ ខែហើយ ដែលកូនក្នុងផ្ទៃរបស់នាងមានសុខភាពល្អជាធម្មតា ។ អ្វីដែលចាប់អារម្មណ៍បើទោះកូនក្នុងផ្ទៃមិនទាន់សម្រាល តែ សួស វីសា និង ស្វាមី បានដាក់ឈ្មោះឱ្យកូនយ៉ាងពីរោះថា Jeny ៕