អាលីហ្សា បារម្ភស្វាមីមិនអាចក្បែរ ពេលសម្រាលកូនដំបូងឆាប់ៗនេះ!
បើតាមគម្រោង អាលីហ្សា នឹងត្រូវសម្រាលកូនស្រីដំបូងនៅក្នុងខែកញ្ញាខាងមុខនេះ ហើយបើទោះមានសុខភាពល្អក៏ពិតមែន តែតារាសម្តែងរូបស្រស់ម្នាក់នេះនៅតែមានអារម្មណ៍ថាភ័យខ្លាចនៅក្នុងការសម្រាលកូនដំបូងរបស់នាង ដែលគ្មានវត្តមានស្វាមីនៅជិត ។
ដោយសារកូវីដ ១៩ អាលីហ្សា ត្រូវពន្យារការចាកចេញទៅរស់នៅជាមួយស្វាមីឯសហរដ្ឋអាមេរិកជាបន្តបន្ទាប់ ស្របពេលនាងកាន់តែកៀកដល់ការសម្រាលកូនថែមទៀតនោះ កាន់តែធ្វើឱ្យគម្រោងមួយនេះត្រូវរយាលថែមទៀត ។ យ៉ាងណាកន្លងមកមានការបង្ហើបថាស្វាមីនាងមានបំណងនឹងចុះមកស្រុកខ្មែរតាំងពីខែកក្កដា តែដោយសារកូវីដ ១៩ មិនទាន់ស្ងាត់ ទើបលោក សូ លីឃាំង មិនអាចត្រលប់មកមើលភរិយា ហើយក៏មិនច្បាស់ថានឹងអាចចុះមកនៅពេលណានោះទេ ស្របពេល អាលីហ្សា ត្រូវសម្រាលកូននៅក្នុងខែកញ្ញាខាងមុខនេះ ។
ជារឿយៗ អាលីហ្សា តែងបង្ហាញអារម្មណ៍នឹកដល់ស្វាមីរបស់ខ្លួនក្រោយពីពួកគេបានរស់នៅឃ្លាតគ្នាក្រោយពីរៀបការរួច តែនាងតែងទទួលបានការជូនពរ និង លើកទឹកចិត្តពីសំណាក់មិត្តរួមអាជីពផងដែរ ក្នុងនោះតារាស្រីដែលមានទម្រង់មុខកូនកាត់រូបនេះរំពឹងថាស្វាមីរបស់នាងនឹងអាចត្រលប់មកស្រុកខ្មែរបានក្នុងពេលដ៏ខ្លីខាងមុខនេះ ៕