ណុប បាយ៉ារិទ្ធ ដាក់មួយឃ្លានិយាយពីភាពស្មោះត្រង់ អ្នកគាំទ្រពេញចិត្តស្ដូក
ទោះជាចូលប្រឡូកក្នុងវិស័យសិល្បជិត ៣០ឆ្នាំហើយក្តី តារាចម្រៀងសាច់ចាំ ណុប បាយ៉ារិទ្ធ ហាក់នៅតែទទួលបានប្រជាប្រិយភាពពីសំណាក់មហាជនអ្នកគាំទ្រដូចដើម ។ ម្យ៉ាងវិញទៀត តារាប្រុសរូបនេះក៏ត្រូវបានមហាជនចាប់អារម្មណ៍ខ្លាំងដែរក្នុងជីវិតឯកជនរបស់លោក ដូចទៅនឹងជីវិតសិល្បយ៉ាងដូច្នោះ។
ជាក់ស្តែងរាល់គ្រប់សកម្មភាពរបស់ ណុប បាយ៉ារិទ្ធ មិនថាតែនៅលើឆាកតន្ត្រី ឬ ក៏ទីណានោះទេលោកតែងបង្ហាញនៅលើគណនី IG និង ហ្វេសប៊ុករបស់លោកជានិច្ច ដែលជាភាពងាយស្រួលខ្លាំងបំផុតរបស់មហាជនអ្នកគាំទ្រតារារូបនេះបានដឹងភ្លាមៗពីសុខទុក្ខរបស់លោក។
ជាក់ស្តែង ដូចកាលពីយប់ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២០ កន្លងទៅនេះ នៅលើគណនី IG របស់តារាខាងលើនេះ បានបង្ហោះរូបភាពនឹងភ្ជាប់ឃ្លាយ៉ាងវែង លើកឡើងពីភាពស្មោះត្រង់ ធ្វើឱ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង។
លោកបានរៀបរាប់ថា៖ «នៅពេលដែលអ្នកប្រកាន់ភ្ជាប់តែភាពស្មោះត្រង់ ពេលខ្លះអ្នកអាចនឹងឈឺចាប់តែប្រសើរជាងស្តាយក្រោយ វាស់ទង្វើរល្អដោយទឹកចិត្ត ឲ្យតម្លៃលើគោលគំនិត កុំជឿទុកចិត្តលើបបូរមាត់ ភាពស្មោះត្រង់កើតមកជាមួយមនុស្សតាំងពីកំណើត គ្មានសាលាបង្រៀន គ្មានលក់តាមទីផ្សា ដូច្នេះចូរកុំតូចចិត្តនឹងរស់ជាមនុស្សស្មោះត្រង់ ហើយគេមិនឲ្យតម្លៃ ព្រោះតាមពិតអ្នកមានតម្លៃរបស់អ្នកហើយគឺភាពស្មោះត្រង់នោះឯង ដែលអ្នកស្អប់អ្នកមិនមាន ដូច្នេះចូរកុំស្តាយពេលដែលឲ្យភាពស្មោះត្រង់ទៅនរណាម្នាក់ហើយ គេមិនយក ឬ គេយកហើយតែមិនចេះរក្សា ព្រោះអ្នកស្តាយក្រោយមិនមែនជាយើង»៕