ផ្ទុះសំណើច តាមពិត Nickhun បានចូលផលិតកម្ម JYP ដោយសារមូលហេតុអ៊ីចឹងសោះ (វីដេអូ)
រយៈពេលប្រមាណជា ១៤ ឆ្នាំហើយក្នុងការចូលជ្រកក្រោមដំបូលផលិតកម្ម JYP របស់តារាចម្រៀង Nickhun សមាជិក 2PM ។ ក្នុងនោះតារាចម្រៀងរូបនេះត្រូវបានគេដឹងថាលោកចាប់ផ្តើមហ្វឹកហាត់នៅក្នុងផលិតកម្មធំនេះក្នុងឆ្នាំ ២០០៦ បន្ទាប់ពីបានជាប់ការប្រកួតកម្មវិធីរបស់ JYP និង បានក្លាយទៅជាសមាជិកចម្រៀង 2PM នៅឆ្នាំ ២០០៨ ។
ទោះបីជាក្លាយទៅជាតារាចម្រៀង K-Pop អស់រយៈពេលប្រមាណជា ១២ ឆ្នាំ មកហើយក្តី ក៏មានមហាជនអ្នកគាំទ្រ និង មិត្តសិល្បៈតិចណាស់បានដឹងពីមូលហេតុសម្រេចចិត្តចូលរួមក្នុងផលិតកម្មធំ JYP របស់លោក ។ ចំណុចនេះដែរក៏មានចម្ងល់ជាច្រើនដូចគ្នា ព្រោះកាលនោះតារាចម្រៀងកូនកាត់ថៃ-អាមេរិករូបនេះ កំពុងតែបន្តការសិក្សានៅសហរដ្ឋអាមេរិកនៅឡើយ ។
ក្នុងកម្មវិធី «K-Pop Daebak» ដែលរៀបចំដោយតារាចម្រៀង Eric Nam សមាជិក 2PM Nickhun បានបង្ហើបប្រាប់ជាលើកដំបូងដល់មហាជនអ្នកគាំទ្រពីមូលហេតុ ដែលលោកបានសម្រេចចិត្តចូលហ្វឹកហាត់ក្នុងផលិតកម្ម JYP ហើយមូលហេតុទាំងនោះហាក់ធ្វើឲ្យអ្នកស្តាប់អស់សំណើចបន្តិចដែរ ។
Nickhun បាននិយាយ «តាមពិតទៅ កាលនោះគឺខួរក្បាលរបស់លោកគឺទទេស្អាត និង មិនដឹងថាគោលដៅអនាគតរបស់លោកយ៉ាងណានោះទេ ។ នៅពេលរៀនពីមួយឆ្នាំទៅមួយឆ្នាំ គឺលោកហាក់រៀនមិនចូលសោះ ។ លោកមិនដែលចូលរៀន និង គេចសាលាជាមួយមិត្តភក្តិទៅវាយសីជារឿយៗ ហើយនិយាយចំទៅលោកគឺជាសិស្សល្ងង់» ។
សមាជិក 2PM រូបនេះក៏បានបញ្ជាក់ពីមូលហេតុដែលឲ្យលោកសម្រេចចិត្តទៅកាន់ JYP យ៉ាងច្បាស់ថា «ប៉ារបស់លោកជាអ្នកជំរុញ និង ជាអ្នកដេញលោកឲ្យទៅតែម្តង ព្រោះគាត់ដឹងថាលោកជាសិស្សខូច ហើយគាត់ប្រាប់ថានេះគឺជាឱកាសដ៏ល្អសម្រាប់លោកចូលរួមជាមួយនឹង JYP» ៕