ពិតទេ Bae Suzy ត្រូវគេជ្រើសជាតួអង្គ Superhero ម្នាក់របស់ MCU?
តារាចម្រៀង និងសម្ដែង Bae Suzy កំពុងក្លាយជាប្រធានបទក្ដៅគគុករបស់មហាជន ក្រោយរូបនាងកំពុងរងពាក្យចចាមអារ៉ាមថា នឹងត្រូវបានជ្រើសឲ្យសម្ដែងជាតួអង្គ Superhero ម្នាក់ប្រចាំខ្សែភាពយន្តរបស់ Marvel Cinematic Universe (MCU) ។
តាមពាក្យចចាមអារ៉ាមនោះដែរ រូបនាងនឹងស្នើឲ្យសម្ដែងជាតួអង្គ Silk ហើយពាក្យលេចឭទាំងនោះ បានទម្លាយទៀតថា បេក្ខភាពមួយទៀតដែលអាចនឹងជ្រើសឲ្យសម្ដែងជាតួអង្គ Superhero មួយនេះ គឺតារាសម្ដែង Park So Dam ប៉ុន្តែក្នុងពេលនេះ ទាំង Park So Dam និង Bae Suzy មិនទាន់បានឆ្លើយតបនឹងពាក្យចចាមអារ៉ាមទាំងនេះនៅឡើយទេ ។
តួអង្គ Silk ឬស្គាល់ឈ្មោះមួយទៀតថា Cindy Moon គឺជាតួអង្គ Superhero សញ្ជាតិកូរ៉េ-អាមេរិក ដែលមានសមត្ថភាពដូច Spider-man ។ Silk គឺជាតួអង្គស្រី ដែលទទួលបានសមត្ថភាពពិសេសដូចតួអង្គ Peter Parker ដោយរូបនាងត្រូវបានពីងពាងខាំដូចគ្នា ហើយក្រោយមកអាចបញ្ចេញសំណាញ់ពីងពាងតាមដៃរបស់នាង៕
ប្រភព៖ Allkpop