ឮល្ហៀងៗ កំពូលតារាចម្រៀង ពេជ្រ សោភា មានផលិតកម្មមួយទាក់ទងផ្ដល់លុយធំ
អាចនិយាយថា ពេជ្រ សោភា គឺជាតារាចម្រៀងគ្រាប់ពេជ្រមួយរូបរបស់ផលិតកម្មរស្មីហង្សមាស ដោយតារាស្រីរូបនេះ បានរួមរស់យ៉ាងកក់ក្ដៅនៅក្នុងទ្រនំមួយនេះ អស់រយៈពេលជាងមួយទសវត្សរ៍មកហើយ ដោយឡែកស្រាប់តែថ្មីៗនេះ មានព័ត៌មានលេចឮថា ពេជ្រ សោភា ត្រូវបានផលិតកម្មក្នុងស្រុកដ៏ល្បីមួយ កំពុងទាក់ទងចង់បានរូបនាងទៅច្រៀងឱ្យផលិតកម្មរបស់គេ ។
បើតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកមួយបានឱ្យដឹងថា ផលិតកម្មមួយ នឹងផ្ដល់ផលប្រយោជន៍ផ្សេងៗជាច្រើនដល់ កំពូលតារាចម្រៀងរូបនេះ បើសិនជានាងយល់ព្រម ។ នៅក្នុងការចុះផ្សាយដដែលនោះ ពេជ្រ សោភា ក៏បានបញ្ជាក់ច្បាស់ថា ពិតជាមានផលិតកម្មមួយទាក់ទងទៅនាងមែន ប៉ុន្ដែតារាស្រីវ័យ ៣៥ ឆ្នាំរូបនេះ សូមមិនបញ្ចេញឈ្មោះផលិតកម្មនោះឡើយ តែសម្រាប់ជំនូនលើតម្លៃខ្លួន អត្ថប្រយោជន៍ផ្សេងៗទាំងនោះ អាចនឹងមានមែន ។
ដូចគេច្រើនតែនិយាយថា «ឆ្នាំងចាស់បាយឆ្ញាញ់» បើទោះបីជាសំណើទៅលើតម្លៃខ្លួនរបស់ ពេជ្រ សោភា ខ្ពស់ខ្លាំង តែនាងហាក់មានភាពស្ទាក់ស្ទើរ និង តានតឹងក្នុងការសម្រេចចិត្ត ព្រោះថានាងជ្រកក្រោមម្លប់ផលិតកម្មរស្មីហង្សមាស ១៥ ឆ្នាំហើយ ។
ទោះបីជាមានការលេចឮថា ពេជ្រ សោភា ត្រូវផលិតកម្មនោះ ផ្ដល់សំណើខ្ពស់ព្រោះចង់បានរូបនាង ហើយនាងក៏បានផ្ដល់បទសម្ភាសតាមទូរស័ព្ទទទួលស្គាល់ក្ដី ប៉ុន្ដែម្ចាស់បទ «អូនទៅហើយ» រូបនេះ មិនទាន់បានទម្លាយដំណឹងនេះជាសាធារណៈនៅឡើយទេ មានតែរង់ចាំមើលបន្តទៀតថា ការលេចឮនោះគឺជាការពិត ឬគ្រាន់តែជាពាក្យចចាមអារ៉ាម ៕