ប្រពន្ធ ប៉ែន ចំរ៉ុង អះអាងថាខ្លួនមិនដូចស្រីដទៃ នាងពពោះព្រោះដើម្បីខ្លួនឯង
ចំណងអាពាហ៍ពិពាហ៍របស់លោក ប៉ែន ចំរ៉ុង និង ភរិយាគឺអ្នកនាង ហ៊ុន ម៉ាណេ ពេលនេះកំពុងរស់នៅប្រកបដោយសុភមង្គល ដោយភរិយារបស់ពិធីករសម្បូរវោហារស័ព្ទរូបនេះ ទើបតែសម្រាលបានកូនស្រីដ៏គួរឱ្យស្រឡាញ់ម្នាក់ប្រមាណជិត ១ ខែហើយ ។
ក្រោយទទួលបានតំណក់ឈាមដំបូងនេះរួច ថ្មីៗនេះអ្នកនាង ហ៊ុន ម៉ាណេ បានធ្វើឱ្យមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីអ្នកនាងស្រាប់តែបង្ហោះសារវែងមួយលើគណនីហ្វេសប៊ុក ដោយលើកឡើងទាក់ទងនឹងរឿងពពោះបង្កើតកូន គឺដើម្បីខ្លួនឯងសុទ្ធសាធ មិនមែនដើម្បីផ្គាប់ចិត្តប្ដីឡើយ ។ ការអះអាងរបស់ប្រពន្ធលោក ប៉ែន ចំរ៉ុង បែបនេះ គឺបន្ទាប់ពីអ្នកនាងមើលឃើញថា មនុស្សស្រីភាគច្រើនខំលះបង់ពពោះដើម្បីប្ដី តែសម្រាប់អ្នកនាងវិញ មានគំនិតខុសពីនេះស្រឡះ ព្រោះអ្នកនាងស្រឡាញ់កូន ដូច្នេះនាងពពោះគឺដើម្បីខ្លួនឯង ។
អ្នកនាង ហ៊ុន ម៉ាណេ បានសរសេររៀបរាប់ថា «មនុស្សស្រីភាគច្រើនចូលចិត្តនិយាយថា មនុស្សស្រីលះបង់ច្រើនណាស់ដើម្បីប្តី ខំពពោះឱ្យគេ លះបង់សម្រស់ រូបរាងជាដើម តែខ្ញុំបែរជាមិនដែលគិតអ៊ីចឹងសោះ ព្រោះអីមិនមែនជាកូនគេតែម្នាក់ឯណា ជាកូនខ្ញុំដែរតា ខ្ញុំស្រឡាញ់ ខ្ញុំចង់បាន ខ្ញុំចង់ពពោះ ខ្ញុំពេញចិត្ត មិនមែនដើម្បីប្តីទេគឺខ្ញុំពពោះដើម្បីខ្លួនឯង ខ្ញុំចង់មានកូន ខ្ញុំមិនបន្ទោសប្តី ឬទម្លាក់កំហុសពេលដែលពពោះពិបាកឱ្យប្តីទេ ទោះគ្មានប្តីក៏ខ្ញុំចង់បានកូនដែរ កូនកើតចេញពីការស្រទ្បាញ់ពេញចិត្តចង់បាន មិនមែនតួនាទី ឬលះបង់ដើម្បីអ្នកណាទេ» ៕