ទម្លាយហេតុផល សាយ រៀបចំការរត់សប្បុរសធម៌ ៩៩ ថ្ងៃ ដើម្បីមន្ទីរពេទ្យកុមារអង្គរ
រយៈពេល ២ ទៅ ៣ ឆ្នាំហើយនៃការរៀបចំគម្រោងនៃកម្មវិធីរត់ដើម្បីសប្បុរសធម៌ ដែលជាគំនិតផ្តួចផ្តើមរបស់តារាចម្រៀង Original សាយ បានចាប់ផ្តើមជាផ្លូវការហើយ កាលល្ងាចថ្ងៃទី ២ ខែតុលា ឆ្នាំ ២០២០ កន្លងទៅ ។
គោលបំណងនៃកម្មវិធី «រត់ដើម្បីសប្បុរសធម៌ជាមួយសាយ» នេះដែរ សាយ ធ្លាប់បានប្រាប់មកកាន់ «ប្រជាប្រិយ» កាលពីពេលកន្លងទៅថា «លោករៀបចំឡើងក្នុងឱកាសគម្រប់ខួបកំណើត អាយុ ៣០ ឆ្នាំ របស់លោក និង មានគោលបំណងដ៏ធំមួយគឺ ការតបស្នងជាប្រយោជន៍ដល់សង្គម និង ប្រទេសកម្ពុជា ជាទីកំណើតដែលលោកបានរស់នៅអស់រយៈពេល ៣០ ឆ្នាំ និង ដើម្បីរៃអង្គាសថវិកាពីកម្មវិធីនេះជួយដល់មន្ទីរពេទ្យកុមារអង្គរ នៅខេត្តសៀមរាប ដោយរត់រយៈពេល ៩៩ ថ្ងៃ ចាប់ពីថ្ងៃទី ៦ ខែតុលា ឆ្នាំ ២០២០ នេះតទៅ ហើយរត់ជុំវិញ ២១ ខេត្តក្រុងក្នុងប្រទេសកម្ពុជា លើកលែងតែខេត្តស្វាយរៀង កំពង់ឆ្នាំង កំពង់ធំ និង ខេត្តឧត្តរមានជ័យ តែប៉ុណ្ណោះ» ។
ម្ចាស់បទ «ងប់ងល់» ក៏បានបន្ថែមទៀតដែរ ក្នុងកម្មវិធីសន្និសីទសារព័ត៌មានដំណើរការជាផ្លូវការនៃកម្មវិធី «រត់ដើម្បីសប្បុរសធម៌ជាមួយ សាយ» ថា «ការពិតទៅ គោលបំណងរបស់លោកចង់បរិច្ចាគជួយដល់មន្ទីរពេទ្យជាច្រើននៅក្នុងប្រទេសកម្ពុជា ប៉ុន្តែជំហានដំបូងនេះលោកបានជ្រើសរើសការជួយដល់មន្ទីរពេទ្យកុមារអង្គរមុនគេ ក៏ព្រោះតែគុណដ៏ធំធេងរបស់មន្ទីរពេទ្យនេះបានជួយសង្គ្រោះជីវិតក្រុមគ្រួសាររបស់លោកជាច្រើនមកហើយ» ។
សាយ ក៏បានបញ្ជាក់បន្ថែមថា «កាលពីនៅក្មេងៗ លោក និង ក្រុមគ្រួសារ រស់នៅស្រុកកំណើតនាឯខេត្តរតនៈគិរី ហើយគ្រាមួយនោះ បងប្អូនរបស់លោកឈឺធ្ងន់ ដែលប្រឈមនឹងការបាត់បង់ជីវិត ដូច្នេះក៏ធ្វើដំណើរមកព្យាបាលនៅមន្ទីរពេទ្យកុមារជាតិ ខេត្តសៀមរាប និង បានសង្គ្រោះរួចផុតពីគ្រោះថ្នាក់ ដោយមិនអស់កម្រៃមួយរៀល ដែលជាហេតុលោកនឹកដល់មន្ទីរពេទ្យនេះមុនគេ»។
តារាចម្រៀងកូនកាត់ ខ្មែរ-ឡាវ នេះក៏បានប្រាប់ថា កម្មវិធីនេះគឺមិនមែនរបស់លោកតែម្នាក់នោះទេ គឺជារបស់មហាជនគ្រប់គ្នា ព្រោះកម្មវិធីនេះធ្វើឡើងជាការចូលរួមចំណែកមួយនៃការជួយដល់កុមារជាច្រើននៅក្នុងប្រទេសកម្ពុជា ដែលត្រូវពឹងផ្អែកមន្ទីរពេទ្យនៅពេលឈឹថ្កាត់ម្តងៗ ។
គួរឲ្យដឹងថា កម្មវិធីសប្បុរសធម៌ «Run for Charity with Sai» គឺមានគោលដៅរកប្រាក់ឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ នូវទឹកប្រាក់ចំនួន ២៥ ម៉ឺនដុល្លារ ហើយក្នុងនោះមហាជនទូទៅក៏អាចចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួនបានតាមរយៈគណនី ABA មន្ទីរពេទ្យកុមារអង្គរ 000 320 555 (Angkor Hospital fot Children Limited) និង គណនី Wing 52714 (AHC Contribution) ផងដែរ ៕