ភិន សុដាលីស បង្ហោះរូបកូនស្រីសំណព្វ ភ្ជាប់ជាមួយនឹងសាររៀបរាប់ពីជីវិតបែបនេះ…
ទោះបីជាបានស្ពាយឈ្មោះជាអ្នកម៉េម៉ាយវ័យក្មេង អស់រយៈពេលជាច្រើនឆ្នាំមកហើយក្តី តែតារាសម្តែង ភិន សុដាលីស ហាក់មិនទាន់ជ្រើសរើសនរណាម្នាក់មកស្អំបេះដូងឡើយ។ តារាស្រីរូបនេះ ត្រូវបានគេចាត់ទុកជា អ្នកម្តាយគំរូ និង រឹងមាំ ម្នាក់ ទោះបីជានាងជួបរឿងរ៉ាវជាច្រើនក្នុងជីវិតនាពេលកន្លងមកក៏ដោយ។
យ៉ាងណាមិញ មួយរយៈពេលចុងក្រោយនេះ តារាសម្តែងរូបស្រស់នេះ ក៏តែងតែបានបង្ហាញនូវសារមានអត្ថន័យជាច្រើនតាមរយៈផេកហ្វេសប៊ុករបស់នាង ដែលធ្វើឲ្យមហាជនអ្នកគាំទ្រមានការពេញចិត្តយ៉ាងខ្លាំង។ ជាក់ស្តែងនៅរសៀលថ្ងៃទី ៥ ខែតុលា ឆ្នាំ ២០២០ នេះ ភិន សុដាលីស បានបង្ហោះសារយ៉ាងមានអត្ថន័យមួយទៀតហើយ ដែលបានដកស្រង់ចេញពីអត្ថបទសៀវភៅជីវីត ហើយសារនោះត្រូវបានមហាជនបានលើកឡើងថា ពិតជាមានអត្ថន័យល្អ ក្នុងការអប់រំផ្លូវចិត្តទៀតផង។
ភិន សុដាលីស បានបង្ហោះរូបភាពលក្ខណៈគ្រួសារជាមួយនឹង កូនស្រីសំណព្វចិត្ត ព្រមទាំងបង្ហោះសារមួយថា៖ «គ្មាននរណាមកសន្យាជាមួយយើងទេ ថានៅ ១០ ឆ្នាំ ឬ ២០ ឆ្នាំ ទៀត ជីវិតយើងនឹងបានស្រណុកសុខស្រួល គឺមានតែយើងនេះឯង ដែលសន្យាជាមួយខ្លួនឯងថាទោះជាមានរឿងលំបាកច្រើនប៉ុណ្ណាក៏ដោយ ក៏ខ្ញុំត្រូវអត់ធ្មត់ ហើយប្រឹងប្រែងតស៊ូ។ លើលោកនេះ មនុស្សស្ទើរតែទាំងអស់ខំប្រឹងដើម្បីស្វែងរកភាពស្រណុកសុខស្រួល ប៉ុន្តែភាពស្រណុកសុខស្រួលនៅក្នុងជីវិតអត់មានទេ ព្រោះការមានជីវិត គឺជាទុក្ខហ្នឹងឯង»៕