ក្រោយសម្រាលកូនទីពីរ សារាយ សក្ខណា សារភាពឡើងគីឡូខ្លាំង!
ថ្វីដ្បិតមានរូបសម្រស់ស្រស់ស្អាតមិនប្រែប្រួលពីមុនក៏ពិតមែន តែតារាសម្តែង សារាយ សក្ខណា បានសារភាពថា ពេលនេះ នាងពិតជាបែកសាច់ទ្រលុកទ្រលុន និង ឡើងគីឡូច្រើនស្ទើរមិនគួរឱ្យជឿ។
ជារឿយៗ សារាយ សក្ខណា តែងបង្ហាញភាពជិតស្និទ្ធជាមួយអ្នកគាំទ្រ តាមរយៈការចែករំលែកនូវរូបភាពដ៏ស្រស់ស្អាតនៅសហរដ្ឋអាមេរិក នៅលើបណ្ដាញសង្គម។ អ្វីដែលចាប់អារម្មណ៍ ថ្មីៗនេះ នាងបានចែករំលែកនូវបទពិសោធន៍មួយចំនួនរបស់នាង ដល់ប្រិយមិត្តជានារីៗថា ក្រោយពីក្លាយជាម្តាយរបស់កូនៗ ពីរនាក់ ជាពិសេសក្រោយសម្រាលកូនទីពីរ នាងពិតជាមានការប្រែប្រួលរូបរាងជាខ្លាំង។ ក្នុងនោះ នាងបានបញ្ជាក់ថា នាងបានឡើងទម្ងន់រហូតដល់ទៅ ៦០ គីឡូក្រាមឯណោះ ហើយពេលនេះ នាងស្រកទម្ងន់មកនៅត្រឹម ៥៧ គីឡូ ក្រោយពីបានព្យាយាមហាត់ប្រាណមួយរយៈ។
មានការប្រែប្រួលពីរូបរាងស្រឡុន មកជាបែកសាច់បែបនេះក្តីតែ សារាយ សក្ខណា មិនបានបង្ហាញអារម្មណ៍អន់ចិត្តអ្វីឡើយនាងនៅតែរីករាយ ព្រោះជាកាតព្វកិច្ចដែលនាងធ្វើដើម្បីកូនៗ ។
យ៉ាងណាមិញ បើតាមប្រភពអ្នកសិល្បៈដែលស្និទ្ធជាមួយ សារាយ សក្ខណា បានឱ្យដឹងថា សារាយ សក្ខណា គ្រោងនឹងមកលេងស្រុកកំណើត និងត្រូវមកមើលការខុសត្រូវមុខជំនួញ តែដោយសារកូវីដ ១៩ រួមទាំងមានកូនតូចនៅដៃផងនោះ ទើបគម្រោងរបស់នាងត្រូវអាក់ខានទៅវិញ ៕
រូបថត ៖ ហ្វេសប៊ុក