ជីមមី ណែនាំឱ្យនារីៗចាប់ឱ្យជាប់កុំលែង បើបុរសស្រឡាញ់យើងមាន ១០ ចំណុចនេះ!
ពីមួយថ្ងៃទៅមួយថ្ងៃ គេកត់សម្គាល់ឃើញចំណងស្នេហ៍របស់ពិធីការិនីរូបរាងតូចស្រឡូន ជីមមី កាន់តែផ្អែមល្ហែម និង កាន់តែបើកចំហជាសាធារណៈខ្លាំងឡើង ដោយជារឿយៗពិធីការិនីរូបនេះតែងតែបង្ហាញដល់អ្នកគាំទ្របានឃើញតាមរយៈការបង្ហោះលើទំព័រហ្វេសប៊ុក រហូតមានការលើកសរសើរពីក្តីស្នេហ៍របស់នាងយ៉ាងខ្លាំង ។
ខណៈចំណងស្នេហ៍របស់ខ្លួនកាន់តែរលូន ផ្អែមល្ហែម និង មានការចេះយល់ចិត្តថ្លើមពីដៃគូស្នេហានោះ ពិធីការិនី ជីមមី ត្រូវបានគេមើលឃើញថាកាន់តែសប្បាយចិត្ត និង មានសុភមង្គលខ្លាំងឡើង ។ ហាក់កំពុងតែមានសេចក្តីសុខខ្លាំង និង ទទួលបានការយកចិត្តទុកដាក់ពីគូស្នេហ៍នេះ ពិធីករិនី ជីមមី បានបង្ហាញ ១០ ចំណុចដែលកន្លងមកនាងតែងទទួលបានពីគូស្នេហ៍ ហើយ ១០ ចំណុចនេះទៀត នាងក៏ចង់ចែករំលែកដល់អ្នកកំពុងមានស្នេហ៍ និង អ្នកយល់ចិត្តដូចនាងដែរ បើសិនមនុស្សដែលកំពុងស្រឡាញ់យើងមានចំណុចទាំងនេះ នាងណែនាំឱ្យចាប់រូបគេឱ្យជាប់ កុំបណ្តោយឱ្យចេញឆ្ងាយពីជីវិតអ្នកបាន ពីព្រោះរូបគេអាចជាឱកាសតែមួយគត់ បើអ្នកបណ្ដោយឱ្យដើរចេញហើយ អ្នកមិនអាចរកឃើញមនុស្សបែបហ្នឹងតទៅទៀតឡើយ ។
តើចំណុចមានអ្វីខ្លះ? ទៅអានការរៀបរាប់របស់ពិធីការិនី ជីមមី ដែលបានចែករំលែកលើទំព័រហ្វេសប៊ុកទាំងអស់គ្នា ៖
១-បើសិនជាអ្នកជួបមនុស្សម្នាក់ ដែលទ្រាំជាមួយនឹងចរិតដ៏ពិបាករបស់អ្នកបាន
២-កែតម្រូវអ្នកនៅពេលដែលអ្នកមានកំហុសឆ្គង
៣-យកអ្នកជាអទិភាពគ្រប់ពេលដែលអ្នកត្រូវការគេ គេតែងតែនៅក្បែរ និង បង្ហាញខ្លួនជានិច្ច
៤-តែងតែរំឭកប្រាប់អ្នកថាអ្នកមានតម្លៃគ្រប់គ្រាន់សម្រាប់ជីវិតគេ និង មានតម្លៃគ្រប់គ្រាន់នឹងទទួលបាននូវជីវិតដ៏ស្រស់ស្អាតមួយ
៥-ជាមនុស្សដែលអ្នកអាចចែករំលែកអាថ៌កំបាំងដែលអ្នកមិនដែលប្រាប់អ្នកណាឱ្យទាំងភាពទុកចិត្ត
៦-ជាមនុស្សដែលអ្នកឃើញមុខគ្រប់ពេលដែលអ្នកសើច និង យំ
៧-ជាមនុស្សដែលយកសត្រូវរបស់អ្នកជាសត្រូវរបស់ខ្លួនឯង
៨-ជាមនុស្សនៅក្បែរអ្នករហូតពេលដែលជីវិតរបស់អ្នកជួបឧបសគ្គ ហើយចូលខ្លួនជាដំណោះស្រាយគ្រប់រឿង
៩-ជាមនុស្សដែលស្រឡាញ់គ្រួសាររបស់អ្នកដូចគ្រួសាររបស់ខ្លួនឯង
១០-មិនសូវសន្យា ប៉ុន្តែចូលចិត្តបង្ហាញទង្វើដែលពិតប្រាកដ ៕