ទើបថត Pre-Wedding ហើយ លៀង ចាន់ឡា ត្រូវមកបាត់បង់មនុស្សជាទីស្រឡាញ់ ឥលូវកំពុងធ្លាក់ទឹកចិត្តខ្លាំង
កាលពីថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២០ កន្លងទៅនេះ អតីតបេក្ខនារីដ៏លេចធ្លោម្នាក់ក្នុងកម្មវិធីប្រឡងចម្រៀង X Factor Cambodia និង ជាតួឯកស្រីក្នុងរឿងខ្លី «ប្រពន្ធបាយកក» លៀង ចាន់ឡា បានធ្វើឱ្យមហាជនភ្ញាក់ផ្អើលភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីលេចធ្លាយសកម្មភាពថត Pre-Wedding ជាមួយគូស្នេហ៍ ។
មិនបានប៉ុន្មានផងនៅថ្ងៃដដែលនោះ ស្រាប់តែអតីតបេក្ខនារីដ៏លេចធ្លោម្នាក់ក្នុងកម្មវិធីប្រឡងចម្រៀង X Factor Cambodia លៀង ចាន់ឡា បានបង្ហោះសារជួបទុក្ខក្នុងជីវិត ដោយអ៊ំស្រីជាទីស្រឡាញ់សមាជិកក្នុងគ្រួសារនាងម្នាក់បានស្លាប់បាត់បង់ជីវិតដោយសារជំងឺ ។ លៀង ចាន់ឡា បានបង្ហោះយ៉ាងសោកសៅថា «ខ្ញុំមិនជឿថាអ៊ំទៅចោលខ្ញុំទេ ក្រែងអ៊ំថាចាំមើលខ្ញុំជោគជ័យ ម៉េចអ៊ំបែរជាចាកចេញទៅដោយមិនប្រាប់ក្មួយអ៊ីចឹង អ៊ំក្បត់សន្យាហើយ អ៊ំឆាប់ក្រោកមកវិញមកបំពេញពាក្យសន្យារជាមួយក្មួយវិញភ្លាម អ៊ំមកវិញមកអ៊ំ ហេតុអីក៏ដាច់ចិត្តទៅចោលបែបនេះ ក្មួយនឹកអ៊ំចង់នៅជាមួយអ៊ំទៀត អ៊ំទៅហើយ អ៊ំលែងមកជេរខ្ញុំប្រដៅខ្ញុំទៀតហើយ» ។
ក្រោយបាត់បង់អ៊ំស្រីជាទីស្រឡាញ់នោះ លៀង ចាន់ឡា បានបន្តផុតសារបង្ហាញពីការបាក់ទឹកចិត្តយ៉ាងខ្លាំង ដោយនាងបានសរសេររៀបរាប់ថា «កុំថាឡើយកម្លាំងទៅទិញបាយហូប ត្រឹមកម្លាំងដកដង្ហើមក៏គ្មានដែរ អស់កម្លាំងស្ទើរដួល កម្លាំងចិត្តក៏គ្មាន កម្លាំងកាយក៏គ្មាន អីក៏វេទនារស់យ៉ាងនេះ មិនយល់ទាល់តែសោះ មិនទាន់បរាជ័យទេ តែអ្វីដែលឈឺចាប់គឺត្រូវបាត់បង់» ។
ឃើញការបង្ហោះសារបែបនេះពី លៀង ចាន់ឡា គេកត់សម្គាល់ឃើញអ្នកគាំទ្រជាច្រើនបានចូលរួមបញ្ចេញមតិឱ្យនាងរឹងមាំ និង កុំបាក់ទឹកចិត្ត ក្នុងនោះដែរក៏មានការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះពីអ្នកគាំទ្រនាងផងដែរ ៕