ពាក់មី ឆ្លើយតបបែបនេះ ចំពោះអ្នកនិយាយថា «លោកល្បីនឹងលែងប្រពន្ធចោលហើយ»
រយៈពេលប្រមាណជា ១០ ឆ្នាំ មកហើយ ក្នុងការប្រឡូកក្នុងវិស័យសិល្បរបស់ ពាក់មី ក្រោយពីទទួលបានជ័យលាភីក្នុងការប្រកួតកម្មវិធីកំប្លែងរបស់ស្ថានីយ៍ទូរទស្សន៍ CTN។
រយៈពេលជាច្រើនឆ្នាំមកនេះ តារាកំប្លែងរូបនេះ ទទួលបានភាពល្បីល្បាញយ៉ាងខ្លាំង រហូតបានវិវត្តន៍ខ្លួនក្លាយទៅជាតារាសម្តែង និង តារាចម្រៀង ដែលមានប្រជាប្រិយភាពទៀតផង។
ទន្ទឹមនឹងភាពល្បីល្បាញនោះដែរ ពាក់មី ក៏ធ្លាប់លើកឡើងថា ធ្លាប់មានអ្នកនិយាយថា លោកនឹងលែងប្រពន្ធ បន្ទាប់ពីជាប់កំប្លែងនោះ។
យ៉ាងណាមិញ នៅថ្ងៃខួបកំណើតរបស់ភរិយាកាលពីថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២០ នេះ តារាពហុជំនាញរូបនេះ បានបង្ហោះសារបង្ហាញពាក្យពិតរបស់លោកទៅដល់មហាជន និង ភរិយាថា លោកមិនចោលប្រពន្ធដូចពាក្យគេថានោះទេ។
សារអមជាមួយរូបភាព កាន់នំខេក អបអរថ្ងៃកំណើតភរិយា ពាក់មី បានរៀបរាប់ថា៖ «ជូនពរប្រពន្ធសម្លាញ់ក្នុងថ្ងៃខួបកំណើត យើងតស៊ូជាមួយគ្នាតាំងពីបងធ្វើសំណង់ ១ ថ្ងៃ ៨០០០៛ ប្រពន្ធធ្វើការរោងចក្រ ១ ខែ ៥០ $ ជួលផ្ទះនៅជាមួយគ្នា ១ ខែ ២០$ ទិញម្ហូបស៊ី ១ ពេល ២០០០៛ ទឹកភ្លើង ១ ខែអស់មិនដល់ ១០០០០៛ ទេ ពេលទៅស្រុកម្តងៗជិះឡានតែលើដំបូលទេ ព្រោះអស់លុយតិច ។ ទឹកដោះម្តាយថ្លៃ បងប្រលងកំប្លែងជាប់! ពេលបងប្រលងកំប្លែងជាប់ គេថាពេល ពាក់មី ល្បីនឹងលែងប្រពន្ធចោលហើយ តែ ១០ ឆ្នាំហើយដែល ពាក់មី ល្បី ប្តីប្រពន្ធយើងនៅដូចដើម សល់បានកូន ៣ នាក់»៕