មើលចុះ នី មុល្លីកា កូន ២ មែន តែនៅផ្អែមល្ហែមខ្លាំងជាមួយស្វាមី ដូចគ្រានៅជាសង្សារ
បើគិតមកដល់ឆ្នាំ ២០២០ នេះ អតីតតារាសម្តែងស្រីល្បីឈ្មោះ នី មុល្លីកា បានរៀបការជាមួយលោក គឹម ប៊ុណ្ណា ជាវិស្វកររស់នៅរដ្ឋអូហៃយ៉ូ សហរដ្ឋអាមេរិក បានជិត ១០ ឆ្នាំហើយតាំងពីឆ្នាំ ២០១១ ដោយទទួលបានកូនជាចំណងដៃអាពាហ៍ពិពាហ៍ ២ នាក់ គឺប្រុសម្នាក់ និង ស្រីម្នាក់ ។
បន្ទាប់ពីរៀបការរួច តួឯកស្រី «កុមារី ២៥ ឆ្នាំ» នី មុល្លីកា ក៏ត្រូវបានស្វាមីធានាឱ្យចេញទៅរស់នៅជាមួយភ្លាមៗដែរ និង ពេលនេះកំពុងរស់នៅជុំគ្រួសារយ៉ាងមានសេចក្តីសុខ និង សុភមង្គលខ្លាំងបំផុត ដោយអ្នកគាំទ្របានឃើញយ៉ាងច្បាស់តាមរយៈការបង្ហាញពីជីវិតឯកជនរបស់គ្រួសារនាងលើបណ្តាញសង្គមហ្វេសប៊ុកជារឿយៗនោះ ។
ទោះបីថាបានរៀបការ និង ក្នុងពេលនេះអតីតតារាសម្តែង នី មុល្លីកា ទទួលបានកូនជាចំណងដៃពីអាពាហ៍ពិពាហ៍ដល់ទៅ ២ នាក់ក្តី ប៉ុន្តែមើលទៅជីវិតគូស្នេហ៍របស់នាង និង ស្វាមីកាន់តែបន្តល្អូកល្អិនផ្អែមល្ហែមលើសដើម ដោយពេលខ្លះសឹងតែដូចនឹងពេលដែលនាង និង ស្វាមីកំពុងទាក់ទងគ្នាជាគូសង្សារទៀតផង ។
ជាក់ស្តែងដូចជាកាលពីពេលថ្មីៗកន្លងទៅនេះ អតីតតារាសម្តែងស្រី នី មុល្លីកា បានបង្ហាញពីរូបភាពមួយចំនួនជាមួយស្វាមី ហើយរូបភាពនោះបានបង្ហាញឱ្យឃើញពីភាពផ្អែមល្ហែមយ៉ាងខ្លាំងក្នុងចម្ការពោតមួយកន្លែង ធ្វើឱ្យអ្នកគាំទ្រមានការចាប់អារម្មណ៍យ៉ាងខ្លាំង ។ ក្នុងនោះដែរ អតីតតារាសម្តែង នី មុល្លីកា ក៏បានរំលេចពាក្យមួយឃ្លាដែរថា «ពីរនាក់សង្សារឯចំការពោត ក្រមុំស្រុកស្រែ កំលោះអីចេះ?»។
គួរបញ្ជាក់ដែរថា ក្រោយពីបោះជំហានប្រឡូកក្នុងសិល្បៈបន្ទាប់ពីប្រឡងក្នុងកម្មវិធីប្រលងស្រីស្រស់ប្រុសស្អាត ឆ្នាំ ២០០៥ របស់ស្ថានីយទូរទស្សន៍ CTN រួចមកនោះ នី មុល្លីកា ទទួលបានឱកាសច្រើនក្នុងការសម្តែងខ្សែភាពយន្តភាគរបស់ទូរទស្សន៍មួយនេះ ហើយក្រោមការចូលរួមដឹកនាំសម្តែងរឿងដោយអ្នកស្រី ពាន់ ភួងបុប្ផា អតីតតារាសម្តែងស្រីរូបនេះទទួលបានការគាំទ្រកាន់តែច្រើនពីមហាជន តាមរយៈរឿងមួយចំនួនដូចជា «កូនប្រសាស្រី» និង រឿង «កុមារី ២៥ ឆ្នាំ» ជាដើម ៕