ផលិតកម្មធំ YG និង Big Hit បណ្តាក់ទុនទិញសិទ្ធិកម្មវិធីបង្កើតរូបភាព Avatar ជាង ១០ លានដុល្លារ
បើនិយាយពីកិច្ចសហការក្នុងឧស្សាហកម្មតន្ត្រី ផលិតកម្មធំ ២ ដែលមានដូចជា YG និង Big Hit គឺតែងតែរួមជារឿយៗ ដើម្បីបំរើជូនដល់មហាជនអ្នកគាំទ្រដែលចូលចិត្តវិស័យនេះ ។ យ៉ាងណាមិញថ្មីៗនេះផលិតកម្មធំទាំង ២ នេះបានសហការគ្នាជាថ្មីម្តងទៀតហើយក្នុងការបណ្តាក់ទុនទិញសិទ្ធិកម្មវិធីទូរស័ព្ទមួយរហូតដល់ទៅ ១២ ពាន់លានវ៉ុន ដែលស្មើនឹង ១០,៤ លានដុល្លារអាមេរិក ។
ការបណ្តាក់ទុនយ៉ាងច្រើនសន្ធឹករបស់ YG និង Big Hit នេះដែរ បានប្រកាសជាផ្លូវការកាលពីថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២០ កន្លងទៅនេះ ទៅលើការទិញសិទ្ធិកម្មវិធី ZEPETO របស់ក្រុមហ៊ុន NAVAR Z ដោយកម្មវិធីនេះ ជាប្រភេទ app ដែលអាចបង្កើតរូបភាពរបស់មនុស្សទៅជាប្រភេទតុក្កតាឌីជីថលម្យ៉ាង ដែលហៅថា AV ឬ Avatar ។
ក្នុងកម្មវិធី ZEPETO ដែល YG និង Big Hit បានទិញសិទ្ធិផ្តាច់មុខនេះ គឺមានចំណុចពិសេសមួយថា ប្រសិនជាបុគ្គលណាម្នាក់បានចូលប្រើប្រាស់កម្មវិធីនេះហើយនោះ ពួកគេនឹងមានតុក្កតាឌីជីថលផ្ទាល់ខ្លួននោះ នេះជាតំណាងតួអង្គរបស់ខ្លួនគេជារៀងរហូត ។
ជាក់ស្តែងកាលពេលកន្លងទៅ YG បានប្រើប្រាស់កម្មវិធីនេះ ក្នុងការផលិតបទចម្រៀង «Ice-Cream» ដែលមាន BlackPink និង Selena Gomez ផងដែរ ។
កម្មវិធី ZEPETO នេះដែរ បាន និង កំពុងពង្រីកកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនម៉ាកល្បីជាច្រើន ហើយគិតមកដល់ខែសីហានេះ មានអ្នកប្រើប្រាស់ជាង ១៨០ លាននាក់ហើយជុំវិញពិភពលោក ៕