ជា លាងឈែ បោះសម្ដីដាស់តឿនមួយ ក្រោយផ្ទុះការរិះគន់លើ Poster រឿងថៃ ដាក់រូបអង្គរខ្មែរ
អ្នកប្រើប្រាស់បណ្ដាញសង្គមខ្មែរជាច្រើន បានផ្ទុះការប្រតិកម្មយ៉ាងខ្លាំងទៅលើផ្ទាំង Poster រឿងភាគថៃមួយដែលមានចំណងជើងថា «សន្យាស្នេហ៍សន្យាគំនុំ» របស់ស្ថានីយ៍ទូរទស្សន៍ប៉ុស្ដិ៍លេខ ៣ ថៃកាលពីពេលថ្មីៗនេះ ដោយបានរចនាផ្ទាំង Poster រឿងនោះ មានភ្ជាប់ជាមួយនូវរូបភាពប្រាសាទអង្គរវត្តខ្មែរ ដែលទង្វើនេះធ្វើឱ្យប្រជាពលខ្មែរមិនពេញចិត្តយ៉ាងខ្លាំង រហូតអ្នកប្រើប្រាស់បណ្ដាញសង្គមខាងលើ ស្មើសុំឱ្យនាយកដ្ឋានភាពយន្តនៃក្រសួងវប្បធម៌ និង វិចិត្រសិល្បៈខ្មែរជួយអន្តរាគមន៍ ។
ដោយឡែក បន្ទាប់ពីផ្ទុះប្រតិកម្មខ្លាំងៗមួយនេះ តារាសម្ដែង ជា លាងឈែ ក្នុងនាមជាសិល្បករខ្មែរមួយរូបដែលស្រឡាញ់ប្រទេសជាតិ វប្បធម៌ កេរតំណែលរបស់ខ្លួន បានចេញមុខក្នុងន័យដាស់តឿន ទទូចសុំឱ្យប្រជាជនខ្មែរ ឈប់បន្តគាំទ្រ ឬតាមដានរឿងភាគហែកហួររបស់ថៃតទៅទៀត ហើយងាកមកអភិវឌ្ឍន៍ ថែរក្សាអ្វីដែលជាមរតកដូនតាបន្សល់ទុក ។
តារាសម្ដែង ជា លាងឈែ បានរៀបរាប់តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកថា «តើអាចទេឈប់គាំទ្រ តាមដានរឿងហែកហួរ ស្រី ប្រុស ប្តីប្រពន្ធគេ រឿងបែកស្លុយ etc… ? ងាកមកធ្វើអ្វីដែលអភិវឌ្ឍន៍ខ្លួន និង ប្រទេសជាតិ ថែរក្សាមរតកដូនតាយើង» ។ សារដាស់តឿនរបស់តារាសម្ដែងប្រុសរូបនេះ គេក៏ឃើញមានការយល់ស្រប និង គាំទ្រយ៉ាងច្រើនពីអ្នកលេងហ្វេសប៊ុក ៕