ក្រោយហាត់ប្រាណមួយរយៈ យូ ឌីស្កូ ឡើងគីឡូច្រើន ប្រែរាងយ៉ាងសង្ហា
មួយរយៈចុងក្រោយនេះគេសង្កេតឃើញថាតារាសម្តែង និង ចម្រៀង យូ ឌីស្កូ ក៏មានសុខភាពមាំទាំល្អ ហើយរូបសម្រស់ក៏ស្រស់សង្ហាដូចមុនដែរ អ្វីដែលកត់សម្គាល់នោះលោកឡើងគីឡូច្រើនជាងមុន ក្នុងនោះក៏មានការលើកឡើងថាឡើងសាច់បែបនេះ មើលទៅលោក យូ ឌីស្កូ សង្ហាវិញហើយ ។
ស្របពេលការងារសិល្បៈមិនសូវមមាញឹកដោយសារកូវីដ ១៩ នោះ យូ ឌីស្កូ បានចំណាយពេលវេលាថែរក្សាសុខភាព ជាពិសេសការហាត់ប្រាណយ៉ាងទៀងទាត់ដែលពេលនេះសុខភាពរបស់លោកក៏បានត្រលប់មកជាល្អប្រសើរ ។ លោកឡើងគីឡូរហូតដល់ទៅ ៦៧ គីឡូ ឃើញថាឡើងច្រើនបើប្រៀបធៀបកាលពីប៉ុន្មានខែមុន ។
ការវិលត្រលប់មកជាសុខភាពប្រសើរបែបនេះបានធ្វើឱ្យមិត្តភក្តិក្នុងសិល្បៈ ក៏ដូចជាមហាជនមានការសាទរ និង រីករាយជាមួយលោកហើយថែមទាំងជូនពរឱ្យលោកជោគជ័យនៅលើវិថីសិល្បៈឡើងវិញ ។
ពេលនេះដែរ យូ ឌីស្កូ ក៏បានវិលចូលប្រឡូកក្នុងសិល្បៈវិញហើយ ដោយក្រៅពីច្រៀងនៅតាមកម្មវិធីនានាលោកមិនទាន់មានឱកាសបានចូលរួមនៅក្នុងការថតរឿងនៅឡើយទេ ។ គេចាំបានថា យូ ឌីស្កូ បានធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ និង ទទួលបានការជួយពីសប្បុរជនរហូតមានឱកាសបានទៅវះកាត់ដូរក្រលៀនដោយជោគជ័យនៅប្រទេសឥណ្ឌាកន្លងមក ៕
រូបថត ៖ ហ្វេសប៊ុក