ខ្ជិលខ្វល់! Taew និង សង្សារកាន់តែផ្អែមល្ហែមលើសដើម ទោះមានអ្នករិះគន់មិនពេញចិត្តក៏ដោយ
ថ្មីៗនេះ តារាសម្ដែងស្រីរូបស្រស់ Taew Natapohn និង សង្សារហាយសូរ Pranai បានបណ្ដើរគ្នាទៅចូលរួមមង្គលការមិត្តយ៉ាងផ្អែមល្ហែម ដោយ Taew បានតុបតែងខ្លួនយ៉ាងស្រស់ស្អាតក្នុងឈុតពណ៌ផ្កាឈូក ស័ក្ដិសមគ្នាខ្លាំងពេលដើរកៀកដៃសង្សារក្នុងសម្លៀកបំពាក់អាវធំ មានទាំងក្រវាត់កផង ។
ចាប់តាំងពីស្រឡាញ់គ្នាជាមួយសង្សារថ្មីមក Taew មិនបិទបាំងពីជីវិតឯកជនរបស់នាងទាល់តែសោះ ទោះបីជាពួកគេបណ្ដើរគ្នាទៅដើរលេងនៅសមុទ្រ ឬទៅចូលរួមកម្មវិធីជប់លៀងផ្សេងៗ អ្នកទាំងពីរតែងកាន់ដៃគ្នាដោយបើកចំហ ។ ជាក់ស្ដែងទៅចូលរួមមង្គលការមិត្តលើកនេះ Taew និង ហាយសូរ Pranai បានបង្ហោះរូបស្វីតៗ កៀកកើយគ្នាយ៉ាងស្អិតល្មួតបង្អួតភ្នែកមហាជនហូរហែពេញគណនីអ៊ីនស្រ្តាក្រាម ។
ដ្បិតថាមហាជនជាច្រើនមិនសូវពេញចិត្តចំពោះចំណងស្នេហ៍របស់តារាថៃ Taew និង សង្សារហាយសូររបស់នាងក៏ពិតមែន ប៉ុន្ដែតារាស្រីរូបនេះ មិនខ្វល់ឡើយ នាងកាន់តែណាត់ជួបសង្សារស្ទើរគ្មានលស់ថ្ងៃ ជាពិសេសបណ្ដើរគ្នាទៅចូលរួមកម្មវិធីជាសាធារណៈយ៉ាងពេញមុខ ៕