រិន សាវ៉េត ខកចិត្តខ្លាំង ក្រោយជួបរឿងបែបនេះ!
ដូចដឹងស្រាប់ហើយថា តារាចម្រៀង រិន សាវ៉េត មានបំណងចេញទៅប្រទេសបារាំង ដើម្បីមើលថែភរិយា របស់លោកដែលទើបសម្រាលកូននៅទីនោះ តែអ្វីៗត្រូវខកបំណង ដោយពេលនេះ ការសម្ភាសក្នុងការចាកចេញទៅប្រទេសនោះ មិនទទួលបានជោគជ័យដូចបំណងឡើយ ។
ក្រោយមិនអាចចេញទៅមើលថែទាំភរិយាដែលនៅសរសៃខ្ចីដូចបំណងលោក រិន សាវ៉េត បានបង្ហាញ អារម្មណ៍អាកអន់ស្រពន់ចិត្ត និង បានបង្ហោះសារដែលមានអត្ថន័យថា «លិខិតសូមផ្ញើជូនស្ថានទូតបារាំង ខ្ញុំបានដាក់ពាក្យសុំទៅមើលប្រពន្ធខ្ញុំឆ្លងទន្លេនៅឯស្រុកបារាំង ហើយចូលសម្ភាសថ្ងៃទី ៣១ .០៨ .២០២០ ប៉ុន្តែវេលានោះខាងស្ថានទូតឱ្យខ្ញុំរង់ចាំ ចាំរហូតដល់ប្រពន្ធសម្រាលបុត្ររួច ក៏មិនបានដំណឹង រហូតមកដល់ថ្ងៃទី ១៦ . ១០ .២០២០ ដំណឹងបានហើយគឺខ្ញុំធ្លាក់ មូលហេតុខាងស្ថានទូតប្រើពាក្យមិនទុកចិត្តខ្ញុំ ! ខ្ញុំសូមសួរសំណួរមួយពីរ បើចាំបាច់ឱ្យខ្ញុំធ្លាក់ ហេតុអីបានឱ្យចាំជាងមួយខែ? ខាតការងារ ខ្ញុំ ច្រើនណាស់មួយទៀតខ្ញុំគ្រាន់តែចង់ទៅជួយទុក្ខធុរៈប្រពន្ធខ្ញុំ ពេលដែលគាត់កំពុងតែសសៃខ្ចីប៉ុណ្ណោះ ព្រោះគាត់នៅតែពីរនាក់កូន ឬ មួយក៏អ្នកកំពុងធ្វើការហ្នឹង គ្មានសាច់ញាតិបងប្អូន ឬ កូនទេ» ? ។
ការលើកឡើងរបស់ តារាចម្រៀង រិន សាវ៉េត បានធ្វើឱ្យមិត្តភក្តិក៏ដូចជាអ្នកគាំទ្រ មានការអាណិតដល់រូបលោក ដែលមិនមានឱកាសចេញទៅមើលថែទាំភរិយា ក្នុងពេលសម្រាលកូន ជាពិសេសបានត្រឹមតែមើលរូបថតកូនពីចម្ងាយតែប៉ុណ្ណោះ។ អ្វីដែលចាប់អារម្មណ៍ជាចុងក្រោយលោក រិន សាវ៉េត បានបញ្ជាក់ថា លោកមិនមាន គម្រោងចេញទៅរស់នៅប្រទេសបារាំងឡើយ ចង់ត្រឹមតែទៅរយៈពេលបីខែ ដើម្បីមើលថែភរិយាប៉ុណ្ណោះ៕
រូបថត ៖ ហ្វេសប៊ុក