អតីតតួស្រី មីសផាន់មៃ ត្រូវក្រុមបាតុកម្មថៃរិះគន់ចាស់ដៃ ក្រោយធ្វើបែបនេះ
នាង Nusba Punnakant អតីតតួស្រី មីសផាន់មៃ ក្នុងរឿង «ព្រៃភ្នំជំរុំស្នេហ៍» ដែលល្បីល្បាញខ្លាំងកាលពីទសវត្សរ៍ឆ្នាំ ៩០ នោះ ថ្មីៗកន្លងទៅនេះ នាងបានទទួលរងព្រនង់រិះគន់យ៉ាងខ្លាំងពីបណ្តាក្រុមនិស្សិតធ្វើបាតុកម្មថៃ បន្ទាប់ពីនាងបានបង្ហោះសារមួយចូលទៅកាន់បណ្តាញសង្គមហ្វេសប៊ុក ។
កាលពីថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២០ កន្លងទៅនេះ ស្របពេលដែលប្រទេសថៃបានប្រកាសរឹតបន្តឹងចំពោះក្រុមធ្វើបាតុកម្មនោះ នាង Nusba Punnakant អតីតតួឯកស្រីខាងលើ បានបង្ហោះសារមួយចូលបណ្តាញសង្គម ដោយនាងបានអំពាវនាវឱ្យក្រុមមនុស្ស និង និស្សិតដែលប្រមូលផ្តុំគ្នាធ្វើបាតុកម្មក្នុងប្រទេសថៃនោះ ឱ្យវិលត្រលប់ទៅផ្ទះ និង ធ្វើខ្លួនឱ្យល្អយកពេលទៅខិតខំរៀនសូត្រេវិញ ទើបល្អជាង ។
ក្នុងនោះអតីតតួស្រីខាងលើក៏បានរៀបរាប់បន្ថែមទៀតថា «មិនយូរទេក្នុងរយៈពេលពីរបីឆ្នាំទៀត នឹងមានការបោះឆ្នោតជ្រើសតាំងអ្នកដឹកនាំម្តងទៀតហើយ កុំឱ្យគេចោទមានការប្រកាន់ខាតតែលុយ និង ជាប់គុក នោះអនាគតនឹងចប់» ។
ក្រោយបង្ហោះសារបែបនេះហើយ នាង Nusba Punnakant អតីតតួស្រី មីសផាន់មៃ បានទទួលទាំងការគាំទ្រ និង រិះគន់ ដោយក្នុងនោះក៏មានប្រតិកម្មចោទជាសំណួរឡើងផងដែរទាក់ទងនឹងការបង្ហោះសាររបស់តារាស្រីល្បីក្នុងទសវត្សរ៍ឆ្នាំ ៩០ នេះ ។ យ៉ាងណាមិញ អតីតតួឯកស្រី នាង មីសផាន់មៃ បានទទួលការរិះគន់ខ្លាំងច្រើនជាគាំទ្រ ដែលជាហេតុធ្វើឱ្យនាងលុបសារដែលសរសេបង្ហោះនោះវិញពីបណ្តាញសង្គម ដើម្បីកុំឱ្យមានការប៉ះទង្គិតគ្នាដោយពាក្យសម្តីច្រើនជានេះ ៕