ខ្លឹម ស្រីគា ថា «Private យូរហើយ គ្រាន់តែស្រឡាញ់គ្នាសោះចាំបាច់ខ្មាសគេធ្វើអី»
គេសង្កេតឃើញមកដល់បច្ចុប្បន្ននេះ អ្នកសិល្បៈជាច្រើនបានបើកបង្ហាញពីទំនាក់ទំនងស្នេហារបស់ពួកគេដោយមិនមានការលាក់លៀមខ្លាចបាត់បង់ប្រជាប្រិយភាពដូចកាលពីសម័យមុនទៀតឡើយ ដោយអ្នកសិល្បៈមួយចំនួនធំ មិនត្រឹមតែបង្ហាញម្ចាស់បេះដូងបង្ហោះរូបថតផ្អែមល្ហែមជាសាធារណៈប៉ុណ្ណោះទេ ប៉ុន្ដែពួកគេថែមទាំងបានរៀបការបង្កើតគ្រួសាររស់នៅយ៉ាងមានសុភមង្គលខ្លាំងទៀតផង ។
ទន្ទឹមនឹងការបើកបង្ហាញជីវិតឯកជនរបស់អ្នកសិល្បៈនេះ ថ្មីៗនេះ បវរកញ្ញាគ្រងមកុដ Miss Grand Cambodia 2017 ខ្លឹម ស្រីគា បានធ្វើឱ្យទស្សនិកជនភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយនៅសុខៗ នាងស្រាប់តែបង្ហាញចេតនាហាក់កំពុងទាក់ទងស្រឡាញ់គ្នាជាមួយតារាសម្ដែងរូបសង្ហា ម៉ឺន ឯកសុភារិទ្ធ មួយរយៈហើយ តែជាលក្ខណៈ Private ។
ខ្លឹម ស្រីគា បានទម្លាយរូបថតកៀកកើយជាមួយតារាសម្ដែងប្រុសខាងលើតាមរយៈគណនីហ្វេសប៊ុក ព្រមទាំងរៀបរាប់ថា «នៅក្បែរអូនបែបនេះរហូតបានទេ? មិនយូរទេសុំត្រឹមមួយជីវិត Meun Ek Sophearith Private យូរហើយ គ្រាន់តែស្រឡាញ់គ្នាសោះចាំបាច់ខ្មាសគេធ្វើអី» ។
ដោយឡែក បើងាកទៅមើលតារាសម្ដែងរូបសង្ហា ម៉ឺន ឯកសុធារិទ្ធ វិញ លោកបានឆ្លើយតបទៅ ស្រីគា វិញយ៉ាងផ្អែមល្ហែមថា «បងសុំទោសដែលបងមិនក្លាហាន មិនហ៊ានបើកចំហ ដែលធ្វើឱ្យអូនមិនសប្បាយចិត្ត» ។
ដ្បិតថា ពាក្យសម្ដីឆ្លើយឆ្លងរវាងតារាប្រុស-ស្រីទាំងពីរនេះ ប្រៀបដូចជាគូស្នេហ៍មួយគូកំពុងស្រឡាញ់ល្អូកល្អិននឹងគ្នាដូចស្ករតាំងម៉ែក៏ពិតមែន ប៉ុន្ដែបើងាកទៅមើលមិត្តភក្ដិរបស់ពួកគេ ក៏ដូចជាមហាជនវិញ មួយចំនួនយល់ថាអ្នកទាំងពីរគ្រាន់តែលេងសើចប៉ុណ្ណោះ ដោយឡែកមួយចំនួនទៀតក៏បានចូលរួមត្រេកអរជំនួសពួកគេទាំងពីរ ៕