មហាជនរំភើបចិត្ត ក្រោយតារាល្បីៗច្រើនរូប ចុះជួយពលរដ្ឋរងគ្រោះដោយសារទឹកជំនន់
ទន្ទឹមការចូលរួមជួយសង្គ្រោះដល់បងប្អូនប្រជាពលរដ្ឋ ដោយរងគ្រោះទឹកជំនន់ពីបណ្តាកងកម្លាំងគ្រប់ជាន់ថ្នាក់ហើយនោះ គេក៏បានឃើញមានការចូលរួមបរិច្ចាគថវិកា និង ស្បៀងអាហារផ្សេងៗជាច្រើនទៀត ពីសំណាក់ប្រជាជនកម្ពុជា។
លើសពីនោះ ក៏ឃើញមានការចូលរួមយ៉ាងសស្រាកសស្រាំពីសំណាក់ សិល្បករសិល្បការិនីជាច្រើនដូចគ្នាដែរ ដែលខ្លះបានទៅដល់គោលដៅរងគ្រោះតែម្តង។
ខាងក្រោមនេះ គឺជាសិល្បករសិល្បការិនី ដែលបានចុះទៅជួបសួរសុខទុក្ខ និង ជូនអំណោយដល់បងប្អូនពលរដ្ឋរងគ្រោះទឹកជំនន់នៅតាមបណ្តាខេត្តក្រុងនានា៖
១) ឧកញ៉ា ប៊ុន រតនា និង ភរិយា អតីតតារាសម្តែង លី ឈី កាលពីថ្ងៃទី ១៦ ខែតុលា កន្លងទៅបានធ្វើដំណើរទៅកាន់ខេត្តពោធិ៍សាត់ ដើម្បីចូលរួមបរិច្ចាគជាអង្ករចំនួន ១០ តោន ជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់។ មកដល់ថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២០ គូស្វាមីនេះ បាននាំយកជំនួញផ្ទាល់ខ្លួន និង ពីសប្បុរសជនជាច្រើនទៀត ទៅជួយពលរដ្ឋរស់នៅ ឃុំជ្រោយស្តៅ និង ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង នូវថវិការសរុបទាំងអស់ជាង ២០ លានរៀល ទិញជាអំណោយមានអង្ករ មី ទឹកត្រី ប៊ីចេង និង ថវិកាមួយចំនួនតូចក្នុងមួយគ្រួសារចែកជូនបងប្អូនប្រជាពលរដ្ឋសរុបជិត ២០០ គ្រួសារ។
២) ឧកញ៉ា ឡេង ណាវ៉ាត់ត្រា ចាងហ្វាងផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត់ត្រា មិនត្រឹមតែបរិច្ចាគថវិកា ទៅ ៦០ម៉ឺនដុល្លារសម្រាប់ជួយប្រជាពលរដ្ឋខ្មែរ ដែលរងគ្រោះដោយទឹកជំនន់ទឹកភ្លៀងមិនប៉ុន្មានផង នៅថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២០ លោកឧកញ៉ា បាននាំតារាចម្រៀង និង អ្នកនិពន្ធ មានដូចជា លោក ព្រាប សុវត្ថិ លោក ខេម កញ្ញា តន់ ចន្ទសីម៉ា និង លោក យឹម តាស្រង់ ចុះទៅខេត្តបន្ទាយមានជ័យផ្ទាល់ ក្នុងការចែកអង្ករប្រមាណជា ៥០ តោន រួមនឹងសម្ភារមួយចំនួនបន្ថែមទៀតដល់បងប្អូនដែលកំពុងរងគ្រោះ។
៣) បើក្រឡេកទៅខេត្តកំពង់ស្ពឺ វិញក៏មានការចុះទៅជួបពលរដ្ឋរងគ្រោះដោយទឹកជំន់ផ្ទាល់ ពីសំណាក់តារាចម្រៀងលោក ករុណា ពេជ្រ លោក ពេជ្រ ថាណា អ្នកនា កាតុ និង ពិធីករលោក សុខ រ៉ាស៊ី ផងដែរ។ ក្នុងនោះ សិល្បករសិល្បការិនីខាងលើនេះ បាននាំយកសម្ភារ និង ថវិកា ចែកជូនបងប្អូនចំនួន ៣០០ គ្រួសារ ក្នុងស្រុកគងពិសី។
៤) មិនខុសមិត្តសិល្បករឡើយ តារាកំប្លែង អ្នកនាង ខ្ចុង និង ស្វាមី លោក កៃដរ ក៏បានទៅជួបបងប្អូនរងគ្រោះទឹកជំនន់ផ្ទាល់នៅឯខេត្តពោធិ៍សាត់ ដោយបានចុះទៅចែកអំណោយមានដូចជាអង្ករ ភួយ និង គ្រឿងឧបភោគបរិភោគផ្សេងៗ ដល់ប្រជាពលរដ្ឋជាច្រើនគ្រួសារ។
៥) បើក្រឡេកមកតារាចម្រៀង លោក ជ័យ សុវ៉ាត កញ្ញា យូរី កញ្ញា គន្ធា លោក វេហា លោក បូទី ឯនេះវិញ ក៏បានទៅចែកអំណោយជូនបងប្អូន ដែលរងគ្រោះដោយសារទឹកជំនន់ នៅខេត្តពោធិ៍សាត់ចំនួន ២០០ គ្រួសារកាលពីថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២០៕