ទេព បូព្រឹក្ស ស្រឡាញ់ ងួន ចាន់ដេវីត ខ្លាំងដល់ថ្នាក់ផ្សងជួបគ្រប់ៗជាតិ
រយៈពេលជាច្រើនឆ្នាំហើយ ដែល ទេព បូព្រឹក្ស និង ងួន ចាន់ដេវីត បានស្រឡាញ់គ្នា និង បានបើកចំហរពីចំណងស្នេហ៍របស់ពួកគេ។ អ្នកទាំងពីរ តែងតែទទួលបានការកោតសរសើរ ពីសំណាក់មហាជនថា ជាគូស្នេហ៍ដែល ស្រឡាញ់គ្នា ផ្អែមល្ហែមបំផុត។
ថ្មីៗនេះ ទេព បូព្រឹក្ស បានធ្វើឱ្យអ្នកគាំទ្រជាច្រើនមានការចាប់អារម្មណ៍ជាខ្លាំង ក្រោយពីនាងបានបង្ហាញ ទឹកចិត្តតាមរយៈការបង្ហោះសារខ្លីថា «មិនថាសម័យកាលណា ភពណា កន្លែងណានោះទេ ហើយក៏ផ្សង ជួបអ្នកគ្រប់ៗជាតិ »។
ការលើកឡើងរបស់តារាចម្រៀងពូកែគ្រវីចង្កេះរូបនេះ បានធ្វើឱ្យអ្នកគាំទ្រជាច្រើន សាទរ និង ជូនពរឱ្យចំណងស្នេហ៍របស់អ្នកទាំងពីរឆាប់ចូលរោងជ័យនៅក្នុងពេលឆាប់ៗនេះ ។ ជឿជាក់ថា មហាជនពិតជាបានដឹងហើយ បើទោះមិនទាន់រៀបការតែតារាចម្រៀងមួយគូនេះ បានសាងអនុស្សាវវីយ៍ស្វីតស្វីតជាមួយគ្នា មិនថានៅក្នុងស្រុក ឬ ក្រៅស្រុកនោះទេ តែរហូតមកដល់ពេល នេះគូស្នេហ៍តារាចម្រៀងមួយគូនេះ មិនទាន់កំណត់វេលាក្នុងការចូលរោងការនៅឡើយទេ។
មិនខុសពីតារាចម្រៀងដទៃ ជារឿយៗ ទេព បូព្រឹក្ស និង គូស្នេហ៍ តែងបង្ហាញវត្តមានរួមគ្នានៅក្នុងការងារមនុស្សធម៌។ ស្របពេលថ្មីៗនេះ មានបងប្អូនប្រជាពលរដ្ឋមួយចំនួន កំពុងរងគ្រោះដោយទឹកជំនន់ទឹកភ្លៀងនោះ អ្នកទាំងពីរក៏បានបរិច្ចាគនូវធនធានផ្ទាល់ខ្លួនចំនួន ១ ម៉ឺនដុល្លារ រួមជាមួយនឹងសម្ភារៈមួយចំនួនទៀតចែកជូនដល់បងប្អូនដែលខ្វះខាតរស់នៅក្នុងខេត្តបាត់ដំបងទៀតផង៕