ទីបំផុត ទូរទស្សន៍ប៉ុស្តិ៍លេខ ៣ ថៃ ចេញមុខសុំទោសជាសាធារណៈពាក់ព័ន្ធរឿង Poster មានរូបប្រាសាទអង្គរវត្ត
ប៉ុន្មានថ្ងៃមកហើយ អ្នកប្រើប្រាស់បណ្ដាញសង្គមខ្មែរជាច្រើន បានផ្ទុះការប្រតិកម្មយ៉ាងខ្លាំងទៅលើផ្ទាំង Poster រឿងភាគថៃមួយមានចំណងជើង «សន្យាស្នេហ៍សន្យាគំនុំ» របស់ទូរទស្សន៍ប៉ុស្ដិ៍លេខ ៣ ថៃ ដោយមានដាក់រូបភាពប្រាសាទអង្គរវត្តខ្មែរ ដែលទង្វើនេះធ្វើឱ្យប្រជាពលខ្មែរមិនពេញចិត្តយ៉ាងខ្លាំង រហូតស្មើសុំឱ្យនាយកដ្ឋានភាពយន្តនៃក្រសួងវប្បធម៌ និង វិចិត្រសិល្បៈខ្មែរជួយអន្តរាគមន៍។
យ៉ាងណាមិញ តាមរយៈការបង្ហោះសារនៅយប់ថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២០ លើផេកហ្វេសប៊ុកស្ថានទូតកម្ពុជាប្រចាំប្រទេសថៃបានឲ្យដឹងថា «ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បានទំនាក់ទំនងទៅកាន់ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ ៣ ដើម្បីសុំការបកស្រាយ ដោយសារកុននេះមិនពាក់ព័ន្ធនឹងកម្ពុជាទេ»។
ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បានបន្ថែមទៀតថា «ជាការឆ្លើយតប ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ ៣ របស់ថៃ បាន ធ្វើការផ្លាស់ប្តូរផ្ទាំងឃោសនាកុនភាគមួយនេះ ដោយបានដកចេញនូវរូបប្រាសាទអង្គរវត្ត ហើយបានសូមទោសប្រជាជនកម្ពុជា ចំពោះកំហុសឆ្គងដ៏រសើបនេះ»៕