មហាជនមិនទាន់អស់ចិត្ត ចង់ស្នើឱ្យបកស្រាយរឿង គ្រឿងអលង្ការពាក់ក្នុងរឿងថៃ «សន្យាស្នេហ៍»
កាលពីយប់ថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២០ កន្លងទៅនេះ តាមរយៈទំព័រហ្វេសប៊ុក Royal Embassy of Cambodia in Bangkok បានបង្ហោះសារមួយជម្រាបជូនដល់សាធារណជនខ្មែរទាំងអស់ ស្តីពីការចេញមុខសុំទោសជាសាធារណៈរបស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៣ ថៃ ចំពោះរឿងយករូបប្រាសាទអង្គរវត្តរបស់កម្ពុជា ទៅដាក់ផ្ទៃខាងក្រោយនៃផ្ទាំងឃោសនាផ្សាយពាណិជ្ជកម្មក្នុងរឿងថ្មីរបស់ខ្លួនមានចំណងជើង «សន្យាស្នេហ៍» ។
ទោះបីជាបានចេញលិខិតសុំទោសប្រជាជនខ្មែរជាសាធារណៈពីខាងភាគីទូរទស្សន៍ប៉ុស្តិ៍លេខ ៣ ថៃក្តី ប៉ុន្តែនៅក្នុងខ្លឹមសារនៃលិខិតនោះហាក់បកស្រាយមិនទាន់គ្រប់ជ្រុងជ្រោយ និង លម្អិត ដើម្បីជាការឆ្លើយតបទៅនឹងអ្វីដែលប្រជាជនខ្មែរចង់បាននោះទេ ពោលគឺនៅមានចំណុចជាច្រើនទៀតដែលប្រជាជនខ្មែរ ពិសេសអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកស្នើចង់ឱ្យមានការបកស្រាយលម្អិតជាងនេះ ជាក់ស្តែងគឺរឿងទម្រង់គ្រឿងអលង្ការតុបតែងលើតួអង្គសម្តែង ដែលគេឃើញមានលក្ខណៈដូចនឹងទម្រង់គ្រឿងអលង្ការរចនាបថខ្មែរ ដែលមានលើរូបចម្លាក់នៃជញ្ជាំងប្រាសាទខ្មែរ ។
ឃ្លាមួយក្នុងលិខិតសុំទោសជាសាធារណៈរបស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៣ ដែលបកប្រែជាភាសាខ្មែរនោះបានសរសេរថា «យើងខ្ញុំសូមជម្រាបជូនឯកឧត្តមថា នឹងគ្មានរូបប្រាសាទអង្គរវត្តលេចឡើងលើសម្ភារផ្សព្វផ្សាយនៃរឿង «Promise» តទៅទៀតឡើយ ។ ក្រៅពីនេះ សាច់រឿងនៃរឿង «Promise» ក៏ពុំមានទាក់ទងអ្វីទៅនឹងប្រាសាទអង្គរវត្តដែរ» ។
ត្រង់ចំណុចនេះហើយ ដែលប្រជាជនខ្មែរ ពិសេសអ្នកលេងហ្វេសប៊ុកនៅតែចង់ឱ្យមានការបកស្រាយបញ្ជាក់ពីខាងសា្ថនីយទូរទស្សន៍ប៉ុស្តិ៍លេខ ៣ ថៃថា ចុះបើសាច់រឿងមិនមានពាក់ព័ន្ធនឹងប្រាសាទអង្គរវត្តខ្មែរ ហេតុអ្វីទម្រង់គ្រឿងអលង្ការម្តេចមានរចនាបថខ្មែរ ដែលមានរូបចម្លាក់ជាប់ជញ្ជាំងប្រាង្គប្រាសាទជាសាក្សីស្រាប់នោះ ។
ជាមួយគ្នានេះដែរ មហាជនខ្មែរ និង អ្នកលេងហ្វេសប៊ុកក៏បានទទូចសុំឱ្យស្ថាប័នដែលពាក់ព័ន្ធក្នុងរឿងនេះ ជាពិសេសគឺក្រសួងវប្បធម៌ និង វិចិត្រសិល្បៈខ្មែរ ដែលជាឪពុកម្តាយនោះ សូមជួយបន្ថែមចំណាត់ការដើម្បីឱ្យមានការបកស្រាយលម្អិតទាក់ទងនឹងរឿងខាងលើនេះផងដែរ ៕