មាន សូនីតា ត្រូវមហាជនរិះគន់រឿង យក Caption អ្នកដទៃមកបង្ហោះមិនដាក់ប្រភព
កាលពីថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២០ កន្លងទៅនេះអ្នកគាំទ្របានកត់សម្គាល់ឃើញតារាសម្តែងឈ្មោះល្បី មាន សូនីតា បានបង្ហោះសារយ៉ាងមានអត្ថន័យមួយចូលក្នុងបណ្តាញសង្គមហ្វេសប៊ុក ដោយក្នុងសារនោះតារាស្រីរូបនេះបានសរសេរថា ៖
«ទោះដើរដល់ផ្លូវស្ងាត់ អស់មនុស្សដើរជាមួយអ្នកក៏ដោយ តែអ្វីដែលអ្នកត្រូវដឹងច្បាស់បំផុត គឺអ្នកមិនបោះបង់ខ្លួនឯងចោល… ទោះថ្ងៃមួយអ្នកពិបាកខ្លាំងប៉ុនណាក៏ដោយ គ្មានអ្នកណាជឿជាក់អ្នកទៀតក៏ដោយ ក៏អ្នកត្រូវតែជឿជាក់លើខ្លួនឯង ហើយជឿឱ្យខ្លាំងបំផុត ព្រោះមានតែខ្លួនអ្នកទេស្រឡាញ់ខ្លួនឯងឱ្យខ្លាំងៗ ធ្វើអ្វីដែលខ្លួនឯងចូលចិត្តនឹងចង់ធ្វើ អ្វីទាំងនោះដែលជាចំណុចចាប់ផ្ដើមឱ្យគេជឿជាក់លើអ្នកបន្ត ហើយព្រមដើរជាមួយអ្នកទៅមុខ ” នាងស្រលាញ់នាង”…» ។
ជាមួយសារមួយនេះដែរ បានធ្វើឱ្យអ្នកគាំទ្រជាច្រើនរបស់តារាស្រី មាន សូនីតា ពេញចិត្តយ៉ាងខ្លាំង ក្នុងនោះថែមទាំងបានចុច Like និង Share យ៉ាងច្រើនទៀតផង ព្រោះតែសារមួយនេះហាក់ចាក់ដោតត្រូវចិត្តពួកគេយ៉ាងខ្លាំង ដោយក្នុងរយៈពេលខ្លីមានអ្នកចុច Like 11K និង Share រហូតដល់ 344 ដង នេះបើគិតត្រឹមថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២០ ។
អ្វីដែលជាការនឹកស្មានមិនដល់នោះ សារដែលតារាស្រី មាន សូនីតា បានបង្ហោះឡើងកាលពីថ្ងៃទី ១៩ ខែតុលាកន្លងទៅនោះ ត្រូវបានអ្នកលេងហ្វេសប៊ុកម្នាក់មានគណនីឈ្មោះ Doung Dara ទម្លាយថា បានចម្លងចេញទាំងស្រុងពីសាររបស់គេដែលបង្ហោះលើហ្វេសប៊ុកតាំងពីថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២០ ម៉្លេះ ដោយមិនបានដាក់ឈ្មោះម្ចាស់ដើម ។ ក្នុងនោះម្ចាស់គណនីដដែលនេះបានឱ្យដឹងថា «Content របស់ Page ខ្ញុំអាចរសើបដល់ Idol មិនធម្មតា មិនកំណាញ់ទេតែជួយដាក់ Credit ឱ្យខ្ញុំផងបាទ Idol Good in copy without gave owner credit Should Give someone #Respect» ។
យ៉ាងណាមិញ ក្រោយពេលឃើញមានប្រតិកម្មពីម្ចាស់ដើមនៃសារហើយនោះ មិនយូរប៉ុន្មនាតារាសម្តែងស្រី មាន សូនីតា ក៏បានចូលកែសម្រួលក្រោមសារនោះ ដោយដាក់ឈ្មោះម្ចាស់ដើមដើម្បីគោរពកម្មសិទ្ធិបញ្ញាវិញដែរ ដែលជាការបង្ហាញឱ្យឃើញពីការទទួលខុសត្រូវមួយរបស់តារាស្រីរូបនេះ ៕