Tangmo តារាស្រីថៃដំបូង ក្លាហានចេញមុខចូលរួមធ្វើបាតុកម្ម និងបោះសម្ដីបែបនេះ
កាលពីថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២០ កន្លងទៅមានការប៉ះទង្គិចយ៉ាងធំមួយរវាងអាជ្ញាធរថៃ និង ក្រុមបាតុកម្មនៅចំណុចប្រសព្វ Pathumwan ដោយខាងអាជ្ញាធរបានប្រើប្រាស់ទឹកពណ៌មានសារធាតុគីមីបាញ់លើក្រុមបាតុកម្មដើម្បីបំបែកការជួបជុំ បង្កឱ្យក្រុមមហាជនធ្វើបាតុកម្មរងរបួសយ៉ាងដំណំ ។
បន្ទាប់ពីហេតុការនោះបានកើតឡើង បានធ្វើឱ្យមជ្ឈដ្ឋានផ្សេងៗ តារាល្បីៗមួយចំនួន បង្ហោះសារថ្កោលទោសយ៉ាងខ្លាំងលើបណ្តាញសង្គមនានា មាន Twitter, Instagram និង Facebook ចំពោះការប្រើហិង្សាប្រឆាំងនឹងសាធារណជនពីសំណាក់អាជ្ញាធរ ហើយជាមួយគ្នានោះដែរក៏មានអ្នកខ្លះបានមកចូលរួមជួបជុំដោយផ្ទាល់ទៀតផង ។
ស្របគ្នានោះដែរ តារាសម្តែងស្រីថៃ នាង Pataratida Patcharawirapong ដែលមានឈ្មោះក្នុងឧស្សាហកម្មកម្សាន្តថៃ Tangmo Nida ក៏ត្រូវបានគេរាយការណ៍ផងដែរនៅថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២០ នេះថា នាងបានមកចូលដោយផ្ទាល់ជាមួយក្រុមបាតុកម្មដែរ ដោយក្នុងនោះតារាស្រីថៃរូបនេះថែមទាំងបានលើកពាក្យស្លោកចាក់ដោតមួយទៀត មានន័យជាភាសាខ្មែរថា «នឹងមិនព្រមក្លាយជាទាសករអ្នកណាឡើយ សុខចិត្តធ្វើទាសករឆ្មាវិញ» ។
ជាមួយនឹងការបង្ហាញមុខចូលរួមធ្វើបាតុកម្មនោះដែរ តារាស្រីថៃខាងលើទទួលបានការគាំទ្រយ៉ាងខ្លាំង យ៉ាងណាក្នុងនោះក៏មានមតិរិះគន់នាងផងដែរ ។ ទោះបីយ៉ាងនេះក្តី តារាស្រី Tangmo Nida ក៏បានអំពាវនាវឱ្យមហាជនមានសេចក្តីក្លាហានចូលរួមជាមួយក្រុមបាតុកម្មនោះកាន់តែច្រើនថែមទៀត ៕
ប្រភព ៖ khaosod