លោក ហ៊ុយ យ៉ាឡេង លើក ២ ចំណុចក្តៅ ក្រោយការសុំទោសពីភាគីថៃ រឿង Poster មានរូបអង្គរវត្តខ្មែរ
ទំព័រហ្វេសប៊ុក Royal Embassy of Cambodia in Bangkok បានបង្ហោះសារបញ្ជាក់ហើយថា ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៣ ថៃ បានចេញមុខសុំទោសជាសាធារណៈចំពោះរឿងយករូបប្រាសាទអង្គរវត្តរបស់កម្ពុជា ទៅដាក់ផ្ទៃខាងក្រោយនៃផ្ទាំងឃោសនាផ្សាយពាណិជ្ជកម្មក្នុងរឿងថ្មីមានចំណងជើង «សន្យាស្នេហ៍» និង បានលុបរូបប្រាសាទអង្គរវត្តចេញពី Poster នោះអស់ហើយ ។
ទោះជាយ៉ាងនេះក្តី មហាជនខ្មែរនៅតែមិនទាន់អស់ចិត្តនៅឡើយទេ ទាក់ទងនឹងការបកស្រាយពីខាងស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៣ ថៃ ដែលហាក់នៅមិនទាន់លម្អិតលើបញ្ហាខាងលើនេះ ។ ដោយឡែកបើងាកមកមើលលោក ហ៊ុយ យ៉ាឡេង ដែលគេស្គាល់ជាម្ចាស់ផេក កថាជ័យ និង ជាផលិតករភាពយន្តម្នាក់នោះ បានធ្វើការបញ្ចេញមតិមួយជុំវិញរឿងរ៉ាវនេះផងដែរ ជាមួយនឹងការបង្ហោះសារបង្ហាញពី ២ ចំណុច ។
លោក ហ៊ុយ យ៉ាឡេង បានលើកឡើងថា «ដូចការគិតមែនគឺសុំទោស ហើយយើងក៏លើកលែងទោស ប៉ុស្តិ៍លេខ ៣ ចោទទៅខាងទីផ្សារអ្នកធ្វើចង់ល្បីហើយ ខ្លួនអត់ដឹង យីចង់ល្បីហើយម៉េចយករបស់គេទៅដោយគ្មានការអនុញ្ញាតិអ៊ីចឹង នឹងគេហៅថាចោរហើយ យោបល់ខ្ញុំនៅតែដដែលបើយើងគ្រាន់លើកលែងទោស ចោរនេះនឹងប្រព្រឹត្តទៀត ព្រោះអាងអីសុំទោស ១-ផ្អាកចាក់រឿងប៉ុស្តិ៍លេខ ៣ ថៃ នៅស្រុកខ្មែរមួយរយៈ, ២-ព្យួរការងារអ្នកទីផ្សារនោះបណ្តោះអាសន្នដើម្បីគិតពីកំហុសដែលខ្លួនបានធ្វើឱ្យជាតិពីរឈ្លោះគ្នា» ។
ក្រោយការលើកឡើងពីលោក ហ៊ុយ យ៉ាឡេង បែបនេះ គេកត់សម្គាល់ឃើញមហាជនជាច្រើនបានចូលរួមមតិយល់ស្រប និង គាំទ្រពេញទំហឹងចំពោះការលើកឡើងរបស់ផលិតកររូបនេះផងដែរ ៕