ព្រឹកនេះ ភរិយា Chef រិទ្ធី បង្ហោះសារយ៉ាងកម្សត់ថា «ប្ដីខ្ញុំលាហ្វេនទាំងអស់គ្នាហើយ»
នៅលើលោកនេះប្រសិនបើមានតែការជួបមិនមានការបែកមិនដឹងជាល្អយ៉ាងណានោះទេ តែវាលវដ្ដសង្សារសង្ខាមនុស្សមិនទៀងទេ កើតចាស់ ឈឺ ស្លាប់ ជាដំណើរវិលជុំរបស់មនុស្សម្នាក់ តែការបែកតែងបន្សល់នូវទុក្ខសោកក្ដីអាឡោះអាល័យគ្មានទីបញ្ចប់ ។ មរណភាពនៃ Chef រិទ្ធី គណៈកម្មការដ៏ល្បីឈ្មោះក្នុងកម្មវិធីប្រកួតធ្វើម្ហូបលំដាប់ពិភពលោក Master Chef Khmer បានធ្វើឱ្យមហាជនរំជួលចិត្ត និងស្ទើរតែមិនគួរឱ្យជឿថានេះជាការពិតព្រោះហាក់ដូចជាលឿនពេក ។ ត្រឹមតែជាអ្នកគាំទ្រម្នាក់សោកស្ដាយយ៉ាងនេះទៅហើយ ចុះទម្រាំតែមនុស្សដែលមានឈ្មោះថាជាភរិយានោះ តើសោកសង្រេងយ៉ាងណាទៅ?
ក្រោយស្វាមីបានទទួលមរណភាពនៅរាត្រីថ្ងៃទី ២០ ខែតុលា ២០២០ នៅព្រឹកថ្ងៃទី ២១ តុលា នេះភរិយាលោក ស៊ូ សោភណ្ឌរិទ្ធី បានបង្ហោះសារមួយ នៅក្នុងគណនីហ្វេសប៊ុកស្វាមីជាទីស្រឡាញ់របស់ខ្លួនថា យ៉ាងកម្សត់ថា៖ «ប្ដីខ្ញុំលាហ្វេនទាំងអស់គ្នាហើយ» ។
សូមបញ្ជាក់ថា លោក ស៊ូ សោភណ្ឌរិទ្ធី គណៈកម្មការដ៏ល្បីឈ្មោះក្នុងកម្មវិធីប្រកួតធ្វើម្ហូបលំដាប់ពិភពលោក Master Chef Khmer បានស្លាប់បាត់បង់ជីវិតដោយសារជំងឺសួតធ្ងន់ធ្ងរដល់ដំណាក់កាលចុងក្រោយកាលពីរាត្រីថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២០ ៕