គណៈកម្មការ Jessica បង្ហោះសាររន្ធត់ចិត្ត ក្រោយដៃគូការងារដ៏ល្អទទួលមរណភាព
មហាជនជាច្រើនបានសម្តែងការភ្ញាក់ផ្អើលជាខ្លាំង ក្រោយទទួលបានដំណឹងមរណភាពរបស់គណៈកម្មការល្បីឈ្មោះក្នុងកម្មវិធី Master Chef Khmer «Chef រិទ្ធី» ដែលមានឈ្មោះពេញ ស៊ូ សោភណ្ឌរិទ្ធី កាលពីយប់ថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២០ កន្លងទៅថ្មីៗនេះ ។
មរណភាពរបស់មេចុងភៅល្បីឈ្មោះ និង ជាគណៈកម្មការក្នុងកម្មវិធី MasterChef Khmer រូបនេះ បានធ្វើឱ្យគ្រប់មជ្ឈដ្ឋានមានការតក់ស្លុតរន្ធត់ចិត្តមិនស្ទើរទេ ដោយគេមិនបាននឹកស្មានថាគណៈកម្មការរូបនេះបានបាត់បង់ជីវិតទៅលឿនបែបនេះសោះ ។ ក្នុងនោះដែរមហាជនក៏បានចូលរួមសម្តែងនូវមរណទុក្ខដ៏ក្រៀមក្រំនេះពីសំណាក់ក្រុមគ្រួសារសព Chef រិទ្ធី ផងដែរ ។
បើងាកមកដៃគូម្នាក់ក្នុងកម្មវិធី MasterChef Khmer គឺកញ្ញា Jessica វិញ ក៏បានបង្ហោញពីការសោកស្តាយ និង រន្ធត់ចិត្តនេះដែរ បន្ទាប់ពីទទួលបានដំណឹងពី Chef រិទ្ធី បានទទួលមរណភាពនោះ ។ ជាមួយនឹងការសោកស្តាយដែលខ្លួនបានបាត់បង់ដៃគូជាគណៈកម្មការក្នុងកម្មវិធីខាងលើនេះ កញ្ញា Jessica ក៏បានបង្ហោះសាររំលែកទុក្ខដ៏ក្រៀមក្រំមួយលើហ្វេសប៊ុកផ្លូវការខ្លួនយ៉ាងកម្សត់ថា ៖
«តាំងនាមខ្ញុំដែលជាដៃគូនៅក្នុងកម្មវិធីដ៏ល្បីប្រចាំប្រទេសខ្មែរ ដែលជាកម្មវិធី MasterChef Khmer ជា Judge Jessica សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំដល់បងប្រុស រិទ្ធី ដែលបានលាចាកលោកកាលពីយប់មិញនេះ គាត់ប្រៀបដូចជាគ្រូ ជាបង ជាដៃគូការងារដ៏ល្អ ហើយក៏ជា Chef មួយរូបដែលមានសម្ថភាពខ្ពស់ផងដែរ ប្អូនសូមឱ្យបងទៅកាន់សុគតិភព ហើយសូមបួងសួងដល់បងបើមានជាតិក្រោយពិត សូមកុំឱ្យបងដូចជាតិនេះអី សូមឱ្យមានសុខភាពល្អ ព្រមទាំងអាយុវែងផងដែរ ប្អូនពិតជាសោកស្តាយខ្លាំងណាស់ចំពោះការបាត់បង់រូបបងប្រៀបដូចជាការបង់ធនធានមនុស្សដែលមានសម្ថភាពដ៏ល្អមួយរូប ជាចុងក្រោយបង រិទ្ធី នៅតែស្ថិតក្នុងការចងចាំប្អូន និង ប្រជាពលរដ្ឋទូទាំងប្រទេស ។ YOU WILL ALWAYS BE IN OUR HEARTS» ។
គួរបញ្ជាក់ដែរថា លោក ស៊ូ សោភណ្ឌរិទ្ធី ដែលមហាជនបានស្គាល់ថាជា Chef រិទ្ធី ក្នុងកម្មវិធី MasterChef Khmer បានទទួលមរណភាពកាលពីយប់ថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២០ យប់មិញនេះ ក្នុងអាយុ ៤៥ ឆ្នាំ ដោយជំងឺសួតដំណាក់កាលធ្ងន់ធ្ងរ ៕