យាយវរនាថជំនាន់ទី ២ បង្ហោះសារគាំទ្ររាជានិយមថៃ ប្រឆាំងក្រុមនិស្សិតធ្វើបាតុកម្ម
អ្នកស្រី Nok Sinjai គឺជាតួយាយវរនាថជំនាន់ទី ២ នៃខ្សែរឿង «ទាយាទអសុរកាយ» ដែលផលិតឡើងវិញនៅឆ្នាំ ២០០១ ដោយថ្មីៗនេះអ្នកស្រីបានបង្ហោះសារមួយធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងខ្លាំងជុំវិញរឿងរ៉ាវបាតុកម្មក្នុងប្រទេសថៃបច្ចុប្បន្ននេះ ។
ដោយសារមានការអំពាវនាវពីមហាជនសុំឱ្យបុគ្គលល្បីៗ រួមទាំងតារាក្នុងសិល្បៈជាដើម ឱ្យចូលរួមបញ្ចេញសកម្មភាព និង មតិក្នុងឆាកនយោបាយនោះ គេក៏បានសង្កេតឃើញតារាល្បីៗជាច្រើនបានបង្ហាញជំហរបស់ពួកគេរៀងៗខ្លួន ក្នុងនោះមានទាំងអ្នកបង្ហាញជំហនៅខាងក្រុមសិស្សនិស្សិត និង មានអ្នកបង្ហាញជំហគាំទ្រខាងរដ្ឋាភិបាល ការពារដាច់ណាត់នូវរាជានិយមថៃ ។
ជាក់ស្តែង តារាសម្តែងជើងចាស់ Nok Sinjai ដែលមហាជនខ្មែរស្គាល់ច្បាស់តាមរយៈការសម្តែងតួអង្គយាយវរនាថជំនាន់ទី ២ ក៏បានបង្ហាញជំហរបស់ខ្លួនផងដែរ ដោយកាលពីថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២០ កន្លងទៅនេះ អ្នកស្រីបានបានបង្ហោះសារខ្លីចូលបណ្តាញសង្គមអ៊ីនស្ត្រាក្រាម ដែលមានផ្ទាំងខាងក្រោយពណ៌លឿង និង បានសរសេរថា គាំទ្រការពារាជានិយមថៃ ក្នុងន័យប្រឆាំងនឹងក្រុមនិស្សិតដែលមានជំហផ្ទុយគ្នាពីអ្នកស្រីនេះ ។
នេះជាសាររបស់អ្នកស្រី Nok Sinjai ៖ «ព្រមជាមួយគ្នាហើយមែនទេ? # ការពាររាជានិយម # ប្រជាជនថៃក្រោមម្លប់របស់ព្រះករុណា # យើងស្រឡាញ់របបរាជានិយម # យើងស្រឡាញ់ព្រះមហាក្សត្រ # សូមអរព្រះគុណព្រះករុណាព្រះមហាក្សត្រក្រោមព្រះរាជាធិបតីភាព» ។
លើសពីនេះទៅទៀត តារាសម្តែង Nok Sinjai ក៏ថែមទាំងបានបង្ហោះរូបភាពចំនួន ៧ សន្លឹក អមជាមួយចំណងជើងថ្វាយព្រះពរអង្គម្ចាស់ក្សត្រិយ៍មហាចក្រីសុរិនថន ក្នុងថ្ងៃប្រសូតទៀតផង ៕
ប្រភព ៖ Kapook