តារាសម្តែង សាវិន ហ្វីលីព ទម្លាយចរិតពិតរបស់ Chef ឫទ្ធី កាលពី ២០ ឆ្នាំមុន
ក្រោយពី Chef ឫទ្ធី បានទទួលមរណភាព កាលពីថ្ងៃទី ២១ ម្សិលមិញនៅវេលាម៉ោង ២ និង ០១ នាទីរំលងអាធាត្រមក បានធ្វើឱ្យក្រុមគ្រួសារមិត្តភក្តិក៏ដូចជាមហាជនមានការសោកស្តាយជាខ្លាំង ព្រោះលោក គឺជាមនុស្សដែលមានទេពកោសល្យក្នុងវិស័យម្ហូបអាហារ។
អ្វីដែលចាប់អារម្មណ៍ ក្នុងនោះ តារាសម្តែង សាវិន ហ្វីលីព ដែលធ្លាប់ជាមិត្តរួមការងារកន្លងមកជាមួយ Chef ឬទ្ធី បានចេញមុខទម្លាយពីចរិតពិត របស់លោកដែលកាន់តែធ្វើឱ្យមានការសោកស្តាយថែមទៀត ។
ក្រៅពីចូលរួមរំលែកទុក្ខចំពោះមរណភាព Chef ឬទ្ធី ដែលមានឈ្មោះថា ស៊ឺ សោភ័ណ្ឌឬទ្ធី នោះ តារាសម្តែងជើងចាស់ សាវិន ហ្វីលីព បានលើកឡើងថាចំពោះអត្តចរិតរបស់ Chef ឬទ្ធី ដែលលោកធ្លាប់រួមការងារជាមួយគ្នា កន្លងមកនៅសណ្ឋាគារលំដាប់ផ្កាយប្រាំមួយថា « គាត់ធ្លាប់ធ្វេីការជាមួយខ្ញុំ កាលពី ២០ ឆ្នាំមុន នៅសណ្ឋាគារផ្កាយ៥ Raffles Le Royal… ជាបុរសសង្ហាម្នាក់ និយាយតិចតែមុឺងម៉ាត់ ហើយពិតជាមានចំណេះដឹងផ្អែកម្ហូបដ៏អស្ចារ្យម្នាក់»។
ការលើកឡើងរបស់តារាសម្តែង សាវិន ហ្វីលីព ចំពោះ Chef ឬទ្ធី កាន់តែធ្វើឱ្យមហាជនមានការសោកស្តាយ ចំពោះការបាត់បង់ Chef ដ៏មានសមត្ថភាពម្នាក់នៅក្នុងកម្មវិធី Master Chef Khmer ក៏ដូចជាប្រធានចុងភៅដែលមានឈ្មោះល្បីម្នាក់។
គួរបញ្ជាក់ថា Chef ឬទ្ធី មានអាយុ ៤៥ ឆ្នាំ ហើយលោកមានស្រុកកំណើតនៅខេត្តកំពង់ធំ។ លោកកាន់តែ មានប្រជាប្រិយភាពនិង មានការចាប់អារម្មណ៍ច្រើនពីសំណាក់មហាជន ក្រោយពីលោកបានក្លាយជា គណៈកម្មាការនៅក្នុងកម្មវិធី Master Chef Khmer ចំនួនពីររដូវកាល តែគួរឱ្យស្តាយលោកបាន ទទួលមរណភាពដោយសារជំងឺលើសឈាម និង លើសជាតិស្ករខ្លាំង៕
រូបថត ៖ ហ្វេសប៊ុក