ទម្លាយរឿងរ៉ាវពិត តួច្រណែន និង តួកាចប៉ះ គ្នាក្នុងពិធីខួបកំណើត កំពុងល្បីក្នុងបណ្តាញសង្គម (វីដេអូ)
ប្រិយមិត្តអ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុក និង អ៊ីនស្ត្រាក្រាមភាគច្រើន ប្រហែលជាបានឃើញឈុតខ្លីៗរបស់ក្មេងស្រី ២ រូបនៅក្នុងពិធីខួបកំណើតមួយកាលពីថ្មីៗនេះមិនខាន ហើយពេលនេះដែរវីដេអូនោះកំពុងមានភាពល្បីយ៉ាងខ្លាំងក្នុងបណ្តាញសង្គមស្ទើរទូទាំងពិភពលោកក្នុងរយៈពេលយ៉ាងខ្លី ។
ក្នុងវីដេអូដែលបានបង្ហាញពីសកម្មភាពក្មេងស្រី ២ នាក់នោះ បានកើតឡើងតាំងពីថ្ងៃអាទិត្យទី ១៨ ខែតុលា ឆ្នាំ ២០២០ នៅក្នុងក្រុង Pato Branco រដ្ឋ Parana ប្រទេសប្រេស៊ីល ដែលជាកន្លែងកើតហេតុនោះ ។ តើះចង់ដឹងពីរឿងរ៉ាវយ៉ាងដែលនាំឱ្យក្មេងស្រីទាំងពីរមើលមុខគ្នាមិនចំក្នុងពិធីខួបកំណើតនោះ មកតាមដាន់ទាំងអស់គ្នា ៖
Maria Eduarda Fernandes និង Maria Antonia Fernandes គឺជាកូនស្រីរបស់អ្នកស្រី Maria Dos Santos Fernandes ដែលមានអាយុ ៤៣ ឆ្នាំ ជាគិលានុបដ្ឋាយិកាម្នាក់ ហើយឪពុករបស់ពួកនាងមានឈ្មោះ Antonio Fernandes ជាទាហានម៉ារីន ។ កាលពីថ្មីៗកន្លងទៅនោះ ក្រុមគ្រួសាររបស់ Maria Eduarda Fernandes បានធ្វើពិធីខួបកំណើតគម្រប់អាយុ ៣ ឆ្នាំឱ្យនាង ជាមួយនឹងនំខេកពណ៌ផ្កាឈូកយ៉ាងស្រស់ស្អាត ហើយមានបងស្រីរបស់នាងឈ្មោះ Maria Antonia Fernandes អាយុ ៦ ឆ្នាំជាសាក្សីនៅក្បែរ ។
ខណៈពេលដែលពិធីខួបកំណើតកំពុងដំណើរការយ៉ាងរលូន ហើយការច្រៀងចម្រៀងថ្ងៃកំណើតពីក្រុមគ្រួសារបានចប់ វេលាដល់ពេលដែលនាងតូច Eduarda ត្រូវផ្លុំទៀនខួបកំណើតនោះ ភ្លាមៗបងស្រីរបស់នាងឈ្មោះ Antonia បានកាត់មុខភ្លែត ដោយបានផ្លុំទៀនខួបកំណើតរបស់នាងតូច Eduarda ដោយគ្មានអារម្មណ៍ខ្មាសអៀនអីបន្តិច ។ បន្ទាប់ពីឃើញបងស្រីផ្លុំទៀនកាត់មុខខ្លួន នាងតូច Eduarda បានយំកើតទុក្ខមិនសុខចិត្តយ៉ាងខ្លាំង ក៏បានចាប់បោចសក់បងស្រីមួយទំហឹង ឯបងស្រីនាងហាក់ធ្វើព្រងើយដោយគ្មានខ្វល់ពីអ្វីដែលបានកើតឡើងនោះទេ ហើយថែមទាំងបានលេងទឹកមុខយ៉ាងឡូយទៀត ។
បើតាម Gabriela Aureluk ដែលជាមេដោះរបស់ក្មេងស្រីទាំងពីរបាននិយាយថា «រឿងនេះបានកើតឡើងដោយសារតែនាង Antonia ជាបងស្រីរបស់នាងតូច Eduarda ច្រណែន ព្រោះឃើញប្អូនបានទទួលអំណោយក្នុងថ្ងៃកំណើត ដោយការឱប និង ទទួលបានការយកចិត្តទុកដាក់ពីសមាជិកគ្រួសារខ្លាំង ដូច្នេះប្រហែលនាងចង់បានការយកចិត្តទុកដាក់នោះដូចប្អូនស្រីដែរ» ។
«ពេលនោះគ្មាននរណាម្នាក់គិតថា Antonia ជាបងស្រីហ៊ានកាត់មុខប្អូនស្រីនោះទេ ហើយជាធម្មតានាងតូច Eduarda ក៏មិនដែលមានចរិតកាចដល់ថ្នាក់បោចសក់ដូច្នេះដែរ ប៉ុន្តែយ៉ាងណាវាអាចកើតឡើងចំពោះក្មេងស្រីជាបងប្អូនទាំង ២ នេះ ព្រោះតែការច្រណែន និង មិនសុខចិត្ត ។ នៅពេលនោះដែរ សមាជិកគ្រួសារពិសេសឪពុកម្តាយក្មេងស្រីទាំង ២ បានព្យាយាមធ្វើឱ្យបងប្អូនស្រីនេះស្ងប់ចិត្ត ដោយបានអុជទៀនខួបម្តងទៀត ដើម្បីឱ្យនាងតូច Eduarda ជាម្ចាស់ខួបបានផ្លុំទៀន ។ ទីបំផុតអ្វីៗបានវិលមកកាន់ភាពសប្បាយរីករាយវិញ ដោយបងប្អូនស្រីទាំង ២ បានកាត់នំជាមួយគ្នា និង បានបញ្ចប់ទៅយ៉ាងល្អ» ។
សកម្មភាពក្មេងស្រីទាំង ២ នាក់ជាបងប្អូននេះ ក៏ត្រូវបានបង្ហោះទៅក្នុងបណ្តាញសង្គមអ៊ីនស្ត្រាក្រាម ដោយមេដោះ Gabriela Aureluk ក្នុងនោះគេឃើញមានមតិរិះគន់យ៉ាងច្រើនកើតឡើង ប៉ុន្តែយ៉ាងស្ត្រីជាមេដោះក៏បានបង្ហាញថាមានមនុស្សមួយចំនួនក៏មិនបានរិះគន់ដល់ការបង្ហោះសកម្មភាពក្មេងៗអន់ចិត្តនឹងគ្នានេះដែរ ។ ក្នុងនោះទៀតសោត ស្រ្តីជាមេដោះក៏បានបញ្ជាក់ដែរថា សម្រាប់អ្នកដែលគិតថាបងប្អូនទាំង ២ នាក់ស្អប់គ្នានោះ តាមពិតគឺមិនដូច្នេះទេ ពោលគឺអ្នកទាំង ២ ស្រឡាញ់គ្នាខ្លាំងណាស់ ហើយបន្ទាប់ហេតុការណ៍នោះ ពួកគេទាំង ២ បានកាត់នំជាមួយគ្នាយ៉ាងរីករាយ ដែលមានតែបងប្អូនទាំង ២ នាក់នេះប៉ុណ្ណោះដែលយល់ច្បាស់ ។
ចំពោះអ្នកស្រី Maria Dos Santos Fernandes ជាម្តាយបង្កើតរបស់ក្មេងស្រីទាំង ២ ក៏បានបង្ហើបប្រាប់ដែរថា ពួកយើងមិនបានលើកទឹកចិត្តឱ្យមានអំពើហិង្សាទេ ។ យើងមានតែងបានបង្រៀនក្មេងទាំង ២ មិនឱ្យធ្វើបែបនេះ ប៉ុន្តែនៅពេលនោះគឺលឿនណាស់ ហើយអារម្មណ៍នៃការច្រណែនរបស់ Antonia ជាបងស្រីប្រហែលជាមានតាំងពីនាងតូច Eduarda បានកើត ប៉ុន្តែជារឿងធម្មតារបស់ក្មេងដែលខឹងឈ្លោះគ្នាមួយភ្លែតក៏ត្រូវគ្នាវិញ ។ ទោះជាយ៉ាងណាពួកគេទាំង២ នាក់ បាននិយាយហើយថា ពួកគេនឹងមិនទាញសក់គ្នាទៀតទេ ទោះបីខឹងគ្នាយ៉ាងណាក៏ដោយ ៕