ទើបភ្ជាប់ស្នេហ៍មិនប៉ុន្មានផង ព្រីង ច័ន្ទបុត្រ ពោលពាក្យលះៗបែបនេះទៅកាន់ភរិយា!
បើទោះបីទើបរួមរស់ជាមួយគ្នាតែមួយរយៈខ្លីក៏ពិតមែន តែចំណងស្នេហ៍វ័យកណ្តាលរបស់លោក ព្រីង ច័ន្ទបុត្រ និង ភរិយាកាន់តែផ្អែមល្ហែម រហូតអតីតតារាសម្តែងរូបនេះធ្លោយមាត់ថាលោកពិតជាសំណាងណាស់ដែលបានជួបគូព្រេងពិតប្រាកដ ។
ថ្វីដ្បិតតែមានគម្លាតអាយុខុសគ្នា លោក ព្រីង ច័ន្ទបុត្រ និង ភរិយាដែលត្រូវគេស្គាល់ថាជាអនាគតម្តាយក្មេករបស់តារាកំប្លែងវ័យក្មេង វ៉ាន់ នីឡា កាន់តែមានក្តីសុខពោរពេញទៅដោយសុភមង្គល ឃើញហើយពិតជាមិនសរសើរមិនបាន ។ យ៉ាងណាមិញថ្មីៗនេះលោកបានលើកឡើងថា «ជាតិនេះបានប្រពន្ធល្អម្នាក់មិនមែននរណាៗចេះតែមានសំណាងបាននោះទេ អ្វីៗជាបំណងរបស់ទេវតា»។
ងាកមកភរិយារបស់លោក ព្រីង ច័ន្ទបុត្រ ឯណេះវិញក៏មិនអន់ប៉ុន្មានដែរ អ្នកស្រីតែងបង្ហាញក្តីស្រឡាញ់ដល់លោក ព្រីង ច័ន្ទបុត្រ ហើយបើស្តាប់ពាក្យជូនពរបស់អ្នកស្រី ចំពោះស្វាមីក៏ស្វីតមិនធម្មតាដែរ ។
ជាក់ស្តែងខួបកំណើតលោក ព្រីង ច័ន្ទបុត្រ កន្លងមកអ្នកស្រីបានជូនពរថា «រីករាយថ្ងៃខួបកំណើតប្ដីសម្លាញ់ អូនជូនពរបងឱ្យជួបតែសំណាងល្អ ប្រាថ្នាអ្វីឱ្យបានសម្រេច អរគុណសម្រាប់គ្រប់យ៉ាងដែលបងឱ្យអូន ជាប្ដីល្អជាប៉ាល្អ និងជាម្លប់ដល់គ្រួសារជារៀងរហូត» ។ គេចាំបានថាក្រោយពីចែកផ្លូវជាមួយប្អូនស្រីថ្នាក់ដឹកនាំម្នាក់មក លោក ព្រីង ច័ន្ទបុត្រ បានងាកមកភ្ជាប់ស្នេហ៍ជាមួយអនាគតម្តាយក្មេក វ៉ាន់ នីឡា ដែលមានអាយុបងលោកបីឆ្នាំ ដោយពួកគេបានចុះសំបុត្រអាពាហ៍ពិពាហ៍តាមផ្លូវច្បាប់ហើយដែរ ៕
រូបថត ៖ ហ្វេសប៊ុក